ប្រទេសម៉ាឡេស៊ី ៖ ការិយាល័យប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីបានណែនាំពលរដ្ឋ ដែលចូលចិត្តធ្វើដំណើរមកកម្សាន្តនៅប្រទេសថៃ ត្រូវបង្កើនការប្រយ័ត្នឱ្យបានខ្ពស់ក្នុងការទិញម្ហូបអាហារថៃបរិភោគ ព្រោះភោជនីយដ្ឋាន ឬហាងនានានៅថៃប្រើប្រាស់កញ្ឆាធ្វើជាធាតុផ្សំសម្រាប់ចម្អិនម្ហូប ដើម្បីឱ្យភ្ញៀវទេសចរញៀនចង់បរិភោគអាហារទាំងនេះ ។

វែបសាយរបស់ម៉ាឡេស៊ីឈ្មោះ world of buzz រាយការណ៍ថា ចាប់តាំងពីថៃបានក្លាយជាប្រទេសដំបូងគេក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឱ្យមានការប្រើកញ្ឆាស្របច្បាប់ បណ្តាភ្ញៀវទេសចរនៅលើពិភពលោក រួមទាំងម៉ាឡេស៊ីផងដែរនាំគ្នាមកកម្សាន្តនៅប្រទេសថៃ ។

តាមសេចក្តីរាយការណ៍ថា ភោជនីយដ្ឋាន ឬហាងលក់ម្ហូបជាច្រើននៅថៃចាប់ផ្តើមលក់ផលិតផល និងអាហារផ្សេងៗមានធាតុផ្សំពីកញ្ឆា ។ Kosmo កាសែតរបស់ម៉ាឡេស៊ីផ្សាយថា តាមមតិរបស់ភ្នាក់ងារជាតិប្រឆាំងគ្រឿងញៀននៅរដ្ឋ Perlis បង្ហាញថា មានម្ហូបអាហារនានាដូចជា សម្លតុមយ៉ាំបង្គា និងសម្លផ្សេងទៀត គេបានយកស្លឹកកញ្ឆាមកធ្វើជាគ្រឿងផ្សំដើម្បីបន្ថែមរសជាតិឱ្យឆ្ងាញ់ ។ ការិយាល័យប្រឆាំងគ្រឿងញៀនម៉ាឡេស៊ីលើកឡើងថា ការប្រើប្រាស់កញ្ឆាធ្វើជាគ្រឿងផ្សំ គឺជាការព្យាយាមធ្វើឱ្យភ្ញៀវទេសចរញៀននឹងអាហារទាំងនេះ ។

លោក Kairul Anwar Ahmed នាយកការិយាល័យប្រឆាំងគ្រឿងញៀននៅរដ្ឋ Perlis ថ្លែងថា សម្រាប់ពលរដ្ឋម៉ាឡេស៊ីដែលចូលចិត្តធ្វើដំណើរទៅប្រទេសថៃ សូមឱ្យប្រយ័ត្នប្រយែងជាងមុន នៅពេលទិញផលិតផលផ្សេងៗ ឬម្ហូបអាហារថៃ ដោយសារម្ហូបជាច្រើនមុខ គេអាចយកកញ្ឆាក្នុងកម្រិតខ្ពស់មកធ្វើគ្រឿងផ្សំ ។ លោកថ្លែងថា ៖ «ដូច្នេះ សូមឱ្យពលរដ្ឋម៉ាឡេស៊ីដែលធ្វើដំណើរទៅទីនោះ ចូរប្រយ័ត្នខ្លួនជាងមុនក្នុងការទិញផលិតផល ឬម្ហូបទាំងនេះ» ៕ 4 Amazing Things You Must Know About Thai Cuisine |Best Thai Irvingប្រភព ៖ mgronline