រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ពិភពលោកទាំងមូល កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ថា ក្រុងប៉េកាំង អាចនឹងវាយលុកដណ្ដើមកាន់កាប់កោះតៃវ៉ាន់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្ដែនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA បានអះអាង ថា ចិន នៅតែសង័្សយលើកងទ័ពចិន មិនមានសមត្ថភាព អាចដណ្ដើមកាន់កាប់ដែនកោះគ្រប់គ្រង តាមបែបប្រជាធិបតេយ្យ ដោយខ្លួនឯងមួយនេះបាន។
សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ថា ប្រធានទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក CIA លោក វិលលៀម ប៊ឺនស៍ (William Burns) បានបញ្ជាក់ ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានបង្ហាញ ថា លោក ស៊ី ជិនពីង (Xi Jinping) បានណែនាំដល់កងទ័ពរបស់ប្រទេសគាត់ ឱ្យត្រៀមខ្លួនរួចជាស្រេច សម្រាប់ឆ្នាំ២០២៧ ដើម្បីឈ្លានពានតៃវ៉ាន់ បើទោះជាបច្ចុប្បន្ន គាត់អាចមានការសង័្សយ អំពីសមត្ថភាពកងទ័ពរបស់គាត់ ដោយសារតែសិក្សា អំពីបទពិសោធន៍របស់រុស្ស៊ី នៅក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
លោកនាយក CIA បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ ដោយបានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក ត្រូវតែចាត់វិធានការយ៉ាងខ្លាំង ប្រឆាំងនឹងគោលបំណងប្រាថ្នារបស់លោកប្រធានាធិបតីចិន នៅក្នុងការវាយលុក ចូលទៅគ្រប់គ្រងតៃវ៉ាន់។
លោកនាយក CIA បានប្រាប់ដល់បណ្ដាញទូរទស្សន៍ CBS ថា «យើងដឹងហើយ ដូចអ្វីដែលគេត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ ថា លោកប្រធានាធិបតីចិន បានណែនាំដល់កងទ័ពរំដោះប្រជាជនចិន ក៏ដូចជា ជាមេទ័ពចិន ឱ្យត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៧ ដើម្បីចូលឈ្លានពានតៃវ៉ាន់។ ប៉ុន្តែបទបញ្ជានេះ មិនមែនមានន័យ ថា គាត់បានសម្រេចចិត្តនូវការឈ្លានពាន នៅឆ្នាំ២០២៧ ឬ ឆ្នាំណាមួយនោះដែរ។
លោក វិលលៀម ប៊ឺនស៍ (William Burns) នាយកទីភ្នាក់ងារចារកម្មសហរដ្ឋអាមេរិក CIA បានសង្កត់ធ្ងន់ ថា «ខ្ញុំតែងតែគិត ថា ការវិនិច្ឆ័យរបស់យើង យ៉ាងហោចណាស់ ក៏គិត ថា លោកប្រធានាធិបតី ស៊ី ជិនពីង និង មេទ័ពរបស់គាត់ នៅតែអាល់អែក អំពីថាតើពួកគេអាចសម្រេចបាននូវការឈ្លានពាននោះដែឬទេ»។
តៃវ៉ាន់ និង ចិន បានបែកបាក់គ្នា នៅឆ្នាំ១៩៤៩ ក្រោយសង្គ្រាមស៊ីវិល ដែលបានបញ្ចប់ទៅ ដោយបក្សកុម្មុយនិស្តចិន បានគ្រប់គ្រងដែនដីគោក។ ដោយឡែក កោះដែលគ្រប់គ្រង ដោយស្វ័យប្រវត្តិ ធ្វើដូចជាប្រទេសអធិបតេយ្យមួយ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ ឬ ប្រទេសធំៗណាមួយនោះឡើយ។ នៅក្នុងឆ្នាំ១៩៧៩ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជីមមី ខាធ័រ (Jimmy Carter) បានទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាល នៅទីក្រុងប៉េកាំង ហើយបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់។ ជាការឆ្លើយតបនោះ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដោយបង្កើតជាគោល សម្រាប់ទំនាក់ទំនងបន្ត។
តៃវ៉ាន់ បានទទួលនូវការគាំទ្រជាផ្លូវការ ពីសហរដ្ឋអាមេរិក សម្រាប់លទ្ធិប្រជាធិបតេយ្យ នៅលើដែនកោះមួយនេះ ដោយប្រឈមមុខនឹងកម្លាំងយោធារបស់ក្រុងប៉េកាំង ដែលទាមទារឲ្យតៃវ៉ាន់ ទទួលស្គាល់ជាទឹកដីរបស់ខ្លួន។ ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ ថា កម្លាំងទាហានអាមេរិក នឹងការពារតៃវ៉ាន់ ប្រសិនបើចិនព្យាយាម ឈ្លានពានដែនកោះមួយនេះ។ ជាមួយគ្នានេះ សេតវិមាន បានបញ្ជាក់ ថា គោលនយោបាយរបស់សហរដ្ឋអាមេរិក នឹងមិនបានផ្លាស់ប្តូរ នៅក្នុងការបញ្ជាក់ឲ្យច្បាស់ ថា ក្រុងវ៉ាស៊ីនតោន ចង់ឃើញស្ថានភាពរបស់តៃវ៉ាន់ ត្រូវតែដោះស្រាយដោយសន្តិវិធី៕










