ប្រទេសចិន ៖ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 នៅប្រទេសឥណ្ឌា រវាងថ្ងៃទី២៤-២៥ ខែកុម្ភៈ កន្លងមក បានបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួម ក្រោយពីអ្នកតំណាងរដ្ឋាភិបាលចិនបានបដិសេធមិនចូលរួមថ្កោលទោសករណីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ។

មន្ត្រីចិនបង្ហាញថា ចិនមិនយល់ស្របចំពោះខ្លឹមសារខ្លះក្នុងសេចក្តីថ្លែងការណ៍រួមច្បាប់នេះ ព្រមទាំងបញ្ជាក់ថា ចិនមិនត្រូវការថ្កោលទោសរុស្ស៊ីខ្លាំងក្លាបែបនេះទេ ។ កាយវិការនេះបានកើតឡើងក្រោយពីរដ្ឋាភិបាលចិនបានប្រកាសពីគោលជំហរផ្នែកនយោបាយរបស់ខ្លួនចំពោះវិបត្តិនៅអ៊ុយក្រែន តាមរយៈគោលការណ៍សន្តិភាព១២ចំណុចក្នុងឱកាសគម្រប់ខួប១ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ។China refuses to condemn Russia's Ukraine invasion as G20 fails to reach  agreement | The Independent

បើទោះជារដ្ឋាភិបាលចិនប្រកាសគាំទ្រគោលការណ៍សន្តិភាពក្នុងវិបត្តិនេះ ប៉ុន្តែក៏មិនបានបញ្ជាក់ច្បាស់ថា រុស្ស៊ីនឹងត្រូវដកទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ ឬចិនចូលរួមថ្កោលទោសហេតុការណ៍រុស្ស៊ីឈ្លានពានអ៊ុយក្រែនទេ ។ ដូច្នេះ ធ្វើឱ្យប្រទេសលោកខាងលោកមើលឃើញថា គោលការណ៍សន្តិភាពរបស់ចិននេះ គឺគ្រាន់តែដើម្បីប្រយោជន៍របស់រុស្ស៊ីប៉ុណ្ណោះ ។

ចំណែកមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឥណ្ឌា Ajay Set បានបង្ហាញក្រោយកិច្ចប្រជុំលើកនេះថា មានតែអ្នកតំណាងរដ្ឋាភិបាលរុស្ស៊ី និងចិនតែពីរប្រទេសប៉ុណ្ណោះ ដែលមិនយល់ស្របជាមួយសេចក្តីថ្លែងការណ៍រួម ខណៈតំណាងមកប្រទេស១៨ ផ្សេងទៀតយល់ឃើញថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកយ៉ាងខ្លាំង ហើយចាំបាច់ត្រូវចេញសេចក្តីថ្លែងការណ៍រួមមួយ ។G20 fails to agree on Ukraine after China refuses to condemn Russia's  invasion

អ្នកតំណាងមកពីរុស្ស៊ីនិយាយថា ៖ «បណ្តាសមាជិកប្រទេសលោកខាងលិចដែលប្រឆាំងនឹងរុស្ស៊ី កំពុងធ្វើឱ្យរង្គើសម្ព័ន្ធភាពក្នុងប្រទេស G20» ។ ចំណែករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បញ្ជាក់ថា ៖ «នេះជាសង្គ្រាម ហើយសង្គ្រាមមានមូលហេតុ មូលហេតុនោះ គឺរុស្ស៊ី និងប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន» ។

មុននេះ ការប្រជុំផ្សេងៗរបស់ក្រុមប្រទេស G20 បានទទួលបរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមករណីពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានសម្រេចចិត្តឈ្លានពានប្រទេសជិតខាងដូចជា អ៊ុយក្រែន នៅចុងខែកុម្ភៈ ឆ្នាំ២០២២ ។China refuses to sign joint statement condemning Ukraine invasion

ក្រៅពីនេះ ចិនជាប្រទេស១ ក្នុងចំណោម៣២ប្រទេសដែលមិនបញ្ចេញសំឡេងក្នុងការបោះឆ្នោតថ្កោលទោសរុស្ស៊ី និងអំពាវនាវឱ្យរុស្ស៊ីដកទ័ពចេញពីអ៊ុយក្រែនភ្លាមៗ ។ រីឯអ្នកតំណាងមកពី១៤១ប្រទេសបានយល់ស្របនឹងមតិខាងលើ ហើយមានតែ៧ប្រទេសប៉ុណ្ណោះដូចជា រុស្ស៊ី បេឡារុស កូរ៉េខាងជើង អេរីទ្រា ម៉ាលី នីការ៉ាហ្គា និងស៊ីរី ដែលប្រឆាំងនឹងមតិនេះក្នុងកិច្ចប្រជុំលើកចុងក្រោយនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ៕ ប្រភព ៖ thestandard