ប្រទេសថៃ ៖ សមាគមនាំចេញអង្ករថៃបានបង្ហាញថា ការនាំចេញអង្កររបស់ថៃទៅកាន់ប្រទេសហ្វីលីពីន អាចកើនឡើងទ្វេដងនៅឆ្នាំ២០២៣នេះ ដោយសារប្រទេសវៀតណាមដែលជាគូប្រជែងរបស់ថៃ កំពុងប្រឈមនឹងការប្រមូលទិន្នផលស្រូវមានដែនកំណត់ ។
កាលពីឆ្នាំ២០២២ ហ្វីលីពីនបាននាំចូលអង្ករក្នុងបរិមាណច្រើនស្មើ៣,៧លានតោន ធ្វើឱ្យហ្វីលីពីនក្លាយជាប្រទេសនាំចូលអង្ករច្រើនបំផុតស្ថិតក្នុងលំដាប់ទី២ របស់ពិភពលោក ហើយចំនួននេះនឹងមានស្ថេរភាពនៅឆ្នាំ២០២៣ ។ ក្រៅពីនេះ ហ្វីលីពីនកំពុងប្រឈមនឹងបញ្ហាអតិផរណា និងការខ្វះខាតស្បៀង ហើយហ្វីលីពីនរំពឹងថា នឹងអាចផលិតស្រូវបានប្រមាណ១២,៤លានតោន ដែលទាបជាងតម្រូវការក្នុងប្រទេស ស្មើដល់១៥,៨លានតោន ។
ការនាំចូលអង្ករប្រមាណ៩០% របស់ហ្វីលីពីនក្នុងឆ្នាំ២០២២ គឺនាំចូលពីវៀតណាម ដែលជាប្រទេសនាំចេញអង្ករច្រើនបំផុតរបស់ហ្វីលីពីនអស់ជាច្រើនទសវត្សមកហើយ ព្រោះមានតម្លៃអាចប្រកួតប្រជែងបាន ហើយវៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីយ៉ាងរឹងមាំជាមួយហ្វីលីពីន ។ ចំណែកការនាំចូលអង្កររបស់ហ្វីលីពីន១០%ទៀត គឺនាំចូលពីថៃ ។
ទោះយ៉ាងណា លោក ឈូកៀត អូផាសវង្ស នាយកសមាគមនាំចេញអង្ករថៃ បានថ្លែងថា នៅឆ្នាំ២០២៣ លោករំពឹងថា ហ្វីលីពីននឹងទិញអង្កររបស់ថៃកាន់តែច្រើន ដោយសារការប្រមូលទិន្នផលស្រូវរបស់វៀតណាមធ្លាក់ចុះ ។
ផ្ទៃដីសម្រាប់បង្កបង្កើនផលស្រូវរបស់វៀតណាមនៅឆ្នាំ២០២២-២០២៣ នៅសល់តែ៣%ប៉ុណ្ណោះបើធៀបនឹងរដូវមុន ដូច្នេះ មាននិន្នាការថា នឹងធ្វើឱ្យទិន្នផលស្រូវរបស់វៀតណាមធ្លាក់ចុះសល់ត្រឹម១% ស្មើ២៧លានតោន ហើយការបរិភោគស្រូវនៅវៀតណាមនឹងស្មើប្រមាណ២១,៥លានតោន មានន័យថា វៀតណាមនឹងមានអង្ករសម្រាប់នាំចេញប្រមាណតែ៦លានតោនប៉ុណ្ណោះនៅឆ្នាំ២០២៣ គឺតិចជាង៧,១លានតោននៅឆ្នាំ២០២២ ។
កាលពីប៉ុន្មានឆ្នាំមុន ការផ្គត់ផ្គង់អង្កររបស់វៀតណាមមានស្ថេរភាព ដោយសារវៀតណាមបាននាំអង្ករពីកម្ពុជាប្រមាណ១លានតោន/១ឆ្នាំ ធ្វើឱ្យវៀតណាមអាចនាំចេញរហូតដល់៧-៨លានតោន ប៉ុន្តែនៅឆ្នាំ២០២៣នេះ វៀតណាមមិនបាននាំចូលអង្ករពីកម្ពុជាទេ ។
ដោយសារបញ្ហាផ្សេងៗធ្វើឱ្យវៀតណាមអាចនាំចេញអង្ករបានត្រឹមតែ៤សែនតោនប៉ុណ្ណោះនៅខែមករា ឆ្នាំ២០២៣ ធ្លាក់ចុះ២០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ។ ចំណែកថៃរំពឹងថា នឹងអាចប្រមូលទិន្នផលស្រូវបានច្រើននៅឆ្នាំ២០២៣ ខណៈថៃមានអាងស្តុកទឹកទូទាំងប្រទេស ដែលនាំឱ្យថៃអាចបង្កបង្កើនផលស្រូវតាមធម្មតាគ្រប់រដូវកាលទាំងអស់ ហើយថៃនឹងអាចផលិតស្រូវបានប្រមាណ២០,២លានតោន កើនឡើងពីចំនួន១៩លានតោនពីរដូវកាលមុន ក្នុងនោះនឹងបែងចែកសម្រាប់ការបរិភោគក្នុងស្រុកចំនួន១២លានតោន ចំណែកស្រូវនៅសល់ គឺសម្រាប់ការនាំចេញ ៕
ប្រភព ៖ AEC Connect










