គ្រឿងអលង្ការបុរាណខ្មែរសរុប ចំនួន ៧៧គ្រឿង ត្រូវបានគ្រួសារលោក ឌូគ្លាស ឡាតហ្វដ (Douglas Latchford) ប្រគល់ជូនប្រទេសកម្ពុជាវិញ ដែលពិធីប្រគល់ទទួល បានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ និងបានបញ្ជូនមកដល់ប្រទេសកំណើត កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រុមការងារកម្ពុជាដែលដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ទទួលបន្ទុកវិស័យអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ព្រមទាំងមន្ត្រីជំនាញកម្ពុជា បានទៅកាន់ប្រទេសអង់គ្លេស ដើម្បីនាំយកគ្រឿងអលង្ការបុរាណខ្មែរ សរុប ចំនួន ៧៧គ្រឿងពីក្រុមគ្រួសារលោកឡាតហ្វដ ដែលយោងតាមអនុលោមតាមកិច្ចព្រមព្រៀងនាខែកញ្ញា ឆ្នាំ២០២០ រវាងក្រសួងវប្បធម៌ និងគ្រួសាលោកឌូគ្លាស ឡាតហ្វដ (Douglas Latchford) ដោយនឹងប្រគល់ វត្ថុបុរាណខ្មែរទាំងអស់ ដែលកាន់កាប់រក្សាទុកដោយគ្រួសាររបស់លោកនឹងត្រូវប្រគល់ជូនមកកម្ពុជាវិញ។
គ្រឿងអលង្ការមាសបុរាណខ្មែរទាំងនេះនេះ បានបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ដែលមានដូចជា ក្បាំងមកុដ ខ្សែក ខ្សែដៃ ខ្សែក្រវាត់ ក្រវិល បន្តោង ដែលស្ថិតក្នុងសម័យមុនអង្គរ និងសម័យអង្គរ។
ក្រសួងបន្តថា វាជាគ្រឿងអលង្ការមាស និងលោហៈមានតម្លៃមួយចំនួនធ្លាប់បានផ្សព្វផ្សាយក្នុងសៀវភៅ Khmer Gold: Gifts of the Gods និពន្ធរួមដោយលោកស្រី Emma C. Bunker និងលោក Douglas A.J. Latchford នាឆ្នាំ ២០០៨ ដែលវត្ថុភាគច្រើន សាធារណជនពុំធ្លាប់បានឃើញពីមុនមក៕















