តាមប្រវត្តិសាស្ត្រពិភពលោក មានប្រទេសជាច្រើនបានបាត់ឈ្មោះចេញពីផែនទីពិភពលោក ហើយក៏មានខ្លះទៀត បានបាត់បង់ផ្នែកមួយចំនួននៃប្រទេសរបស់ខ្លួនផងដែរ។ សម្រាប់នៅទស្សវត្សទី១៩ នៅតំបន់អឺរ៉ុប ជាតំបន់ដែលកំពុងញុាំញីដោយសារសង្គ្រាមលោកលើកទី១ ដែលបានធ្វើឱ្យប្រទេសដល់ទៅ២ បានបាត់ខ្លួនចេញពីផែនទីពិភពលោក។
នៅក្នុងនោះទី១ គឺប្រទេសយូហ្គោស្លាវី (Yugoslavia)គឺជាអតីតរដ្ឋសហព័ន្ធមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា គ្រិស្ដសករាជ ១៩១៨។ ប្រជាជនដែលរស់នៅក្នុងប្រទេសនេះ គឺចម្រុះទៅដោយជាតិសាសន៍ និងវប្បធម៌ផ្សេងៗពីគ្នា។ មេដឹកនាំយូហ្គោស្លាវីដែលល្បីល្បាញជាងគេនោះ គឺលោក ហ្សូស៊ីព ប្រូ ទីតូ (Josip Broz Tito) ដែលបានកាន់តំណែងជាប្រធានាធិបតីសហព័ន្ធយូហ្គោស្លាវី ចាប់ពីគ្រិស្ដសករាជ ១៩៥៣-១៩៨០។ លុះដល់គ្រិស្ដសករាជ ១៩៩២ សហព័ន្ធយូហ្គោស្លាវីក៏បានបែកខ្ញែកចេញពីគ្នា ហើយក្លាយជាប្រទេសថ្មីៗចំនួន ៧ ក្នុងនោះរួមមាន ស្លូវេនី (Slovenia) ក្រូអាស៉ី (Croatia) បូស្ន៉ី (Bosnia) ម៉ុងតេណេហ្គ្រោ (Montenegro) ស៊ែប៊ី (Serbia) កូសូវ៉ូ (Kosovo) និងម៉ាសេដ្វាន ឬម៉ាសេដូនីខាងជើង (North Macedonia)។


មួយវិញទៀតគឺឆេកូស្លូវ៉ាគី (Czecho-Slovakia) ជាអតីតរដ្ឋសហព័ន្ធមួយនៅភាគកណ្ដាលនៃទ្វីបអឺរ៉ុប ដែលបានបង្កើតឡើងជាផ្លូវការនៅខែតុលា គ្រិស្ដសករាជ ១៩១៨ បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអូទ្រីស-ហុងគ្រី (Austria-Hungary)។ ក្នុងសម័យសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) របបណាហ្ស៉ីអាល្លឺម៉ង់ (Nazi Germany) បានចូលកាន់កាប់សហព័ន្ធឆេកូស្លូវ៉ាគីទាំងស្រុង ប៉ុន្តែនៅគ្រិស្ដសករាជ ១៩៤៥ កងទ័ពក្រហមរបស់សហភាពសូវៀតបានរំដោះប្រទេសនេះមកវិញ ហើយក៏ទទួលយកលទ្ធិសង្គមនិយមរបស់សហភាពសូវៀតផងដែរ។
ជាអកុសល នៅគ្រិស្ដសករាជ ១៩៩៣ សាធារណរដ្ឋមួយនេះក៏បានផ្ដាច់ខ្លួនចេញពីគ្នា ដោយភាគខាងកើតក្លាយជាសាធារណរដ្ឋឆែក (Czech Republic) និងខាងលិចក្លាយជាសាធារណរដ្ឋស្លូវ៉ាគី (Slovakia Republic) រហូតដល់ពេលបច្ចុប្បន្ន៕












