តំបន់អេកូរទេសចរណ៍ធម្មជាតិ «”ទឹកធ្លាក់ឆាយប្រុយ” ដែលមានកម្ពស់ ៦០ម៉ែត្រ ជាតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ទឹកធ្លាក់ឆាយប្រុយនេះ មានចម្ងាយប្រមាណជា ១៧០គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ដោយមកដល់ស្រុកវាលវែង បត់ចូលមកសហគមន៍អូរសោមចម្ងាយ ៦០គីឡូម៉ែត្រ នឹងមកដល់រមណីយដ្ឋានធម្មជាតិនេះ។
ម្យ៉ាងវិញទៀត បើធ្វើដំណើរចេញពីខេត្តកោះកុង មកកាន់ឃុំអូរសោម គឺមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ នឹងឃើញស្លាកសញ្ញានៅក្បែរផ្លូវចូលនោះថា “ទឹកធ្លាក់ឆាយប្រុយ”។ ទឹកធ្លាក់ឆាយប្រុយ គឺជាសម្បត្តិធម្មជាតិមួយរបស់សហគមន៍អូរសោម ដែលមានសម្រស់ធម្មជាតិស្រស់ត្រកាល ទឹកស្អាត ភ្ញៀវជាតិ-អន្តរជាតិ អាចមកហែលទឹកលេង និងស្ទូចត្រីកម្សាន្ត យ៉ាងសប្បាយរីករាយ ហើយទេសភាព មិនចាញ់រមណីយដ្ឋានធម្មជាតិផ្សេងៗទេ។
នៅពេលទៅដល់ហើយ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ទុក្ខកង្វល់ និងភាពនឿយហត់ពីការងារ នាឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។ ទឹកធ្លាក់នេះ ត្រូវបានគេចាត់ទុកជាកំណប់ពិសេស ពីព្រោះជាតំបន់ទេសចរណ៍ធម្មជាតិ ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិអាចទៅលេងកម្សាន្តសប្បាយ និងមានខ្យល់អាកាសល្អបរិសុទ្ធ អមដោយព្រៃឈើជាច្រើនយោលទៅយោលមក ហាក់ចាំស្វាគមន៍ភ្ញៀវ ហើយសំឡេងបក្សីបក្សាខ្ញៀវខ្ញារកងរំពង៕










