ភ្នំពេញ៖ រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ខណៈគម្រោងនេះ ត្រូវបានរំពឹងថា នឹងធ្វើឲ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងរាជធានី និងជុំវិញខេត្តកណ្តាល។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងកំពុងជម្រុញការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ ឱ្យបានលឿន។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះការសិក្សាផ្លូវរថភ្លើងក្រោមដី ក្នុងភូមិសាស្រ្តនៅរាជធានីភ្នំពេញ និងសមិទ្ធផលជាច្រើនទៀតក្នុងវិស័យសាធារណការ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការអនុវត្តគម្រោង និងជោគជ័យជាច្រើន កាលពីឆ្នាំ២០២២កន្លងទៅ បានធ្វើឱ្យកម្ពុជា ទទួលបានកិត្តិនាមល្បីរន្ទឺនៅលើឆាកអន្តរជាតិ ខណៈកម្ពុជា បានបើកដំណើរការសេដ្ឋកិច្ចពេញលេញឡើងវិញយ៉ាងឆាប់រហ័ស។
សូមរម្លឹកថា នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍លើកឡើងថា គម្រោងរថភ្លើងក្រោមដី ក្នុងរាជធានីភ្នំពេញ អាចនឹងចំណាយ ១,៨ ពាន់លានដុល្លារ និងជាជម្រើសដែលត្រូវយមកគិត។
កាលពីខែមេសា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី ជួយរៀបចំយុទ្ធសាស្រ្ត សម្រាប់គម្រោងផ្លូវរថភ្លើងលើអាកាស និងរថភ្លើងក្រោមដីនេះផងដែរ៕










