ប្រទេសចិន ៖ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក លោក ឈីន កាង រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានជួបជាមួយលោក ហូសៀន អាមី អបឌុលឡាហៀន (Hossein Amir-Abdollahian) រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ នៅទីក្រុងប៉េកាំង ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសចិន ។
លោក ឈីន កាង ថ្លែងថា ការពិភាក្សារវាងមេដឹកនាំចិន និងអ៊ីរ៉ង់ បានឯកភាពគ្នាលើប្រធានបទសំខាន់ៗ ហើយក្លាយជាមគ្គុទ្ទេសក៍យុទ្ធសាស្ត្រ និងភាពរឹងមាំឈានទៅរកការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ចិនព្រមសហការជាមួយអ៊ីរ៉ង់ក្នុងការអនុវត្ត បង្កើតភាពរឹងមាំ និងការឯកភាពចុងក្រោយដែលសម្រេចបានរវាងមេដឹកនាំប្រទេសទាំងពីរ ព្រមទាំងជំរុញការឈានទៅមុខជាថ្មីអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ផ្នែក ។

លោក ឈីន កាង បន្តថា ចិន និងអ៊ីរ៉ង់គួរតែបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងប្រធានបទពាក់ព័ន្ធនឹងផលប្រយោជន៍ចម្បងរបស់ប្រទេសទាំងពីរ រួមទាំងជួយគ្នារក្សាប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ រហូតដល់ការពារយុត្តិធម៌រវាងប្រទេស ។
ចំណែកលោក អបឌុលឡាហៀន រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងទៅកាន់លោក ឈីន កាង អំពីការវិវត្តថ្មីៗលើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ការឈានទៅមុខនៃកិច្ចពិភាក្សាដើម្បីអនុវត្តផែនការសកម្មភាពរួមដ៏ទូលំទូលាយ ព្រមទាំងថ្លែងអំណរគុណចិន ដែលដើរតួនាទីស្ថាបនាបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់បន្តថា អ៊ីរ៉ង់ផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះសម្ព័ន្ធភាព និងបង្កើនកិច្ចសហការរឹងមាំជាមួយចិន ការទំនាក់ទំនង រួមទាំងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងប្រយោជន៍ស្នូលរបស់ភាគីនីមួយៗ ។ ក្រៅពីនេះ រដ្ឋមន្ត្រីក្រសួងការបរទេសចិន និងអ៊ីរ៉ង់ ក៏បានផ្លាស់ប្តូរយោបល់គ្នាពីបញ្ហាក្នុងតំបន់ និងពិភពលោក ដែលចិន និងអ៊ីរ៉ង់ចាប់អារម្មណ៍រួមគ្នាផងដែរ ៕ ប្រភព ៖ TNN World










