ប្រទេសជប៉ុន ៖ បើតាមអ្នកនាំពាក្យប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងមកថា រដ្ឋាភិបាលជប៉ុនបានដាស់តឿនទៅកាន់ចិនរួចហើយថា ការរំលោភលើដែនអាកាសប្រទេសដទៃ ដោយប្រើប្រាស់បាឡុងស៊ើបការណ៍គ្មានមនុស្សបើកនោះ ជារឿងដែលក្រុងតូក្យូទទួលយកមិនបាន ។ ក្រសួងការពារជាតិជប៉ុនបង្ហាញថា គេរកឃើញភស្តុតាងគួរឱ្យសង្ស័យថា បាឡុងស៊ើបការណ៍របស់ចិនបានល្មើសចូលមកដែនអាកាសជប៉ុន យ៉ាងតិច៣លើកតាំងពីឆ្នាំ២០១៩ មក ។
លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាស៊ុ ម៉ាតស៊ូណូ បានផ្តល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានថា ៖ «បន្ទាប់ពីការពិនិត្យបន្ថែមពីការរកឃើញវត្ថុចម្លែក ដែលមើលទៅដូចបាឡុងហោះលើដែនអាកាសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គួរឱ្យសង្ស័យយ៉ាងខ្លាំងថា វាជាបាឡុងស៊ើបការណ៍ដែលចិនបញ្ជូនមក» ។
ជាមួយគ្នានេះ មានសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានក្យូដូ នៅថ្ងៃទី១៥ ខែកុម្ភៈ ថា រដ្ឋាភិបាលជប៉ុនកំពុងពិចារណាបន្ធូរបន្ថយច្បាប់របស់ខ្លួន ក្នុងគោលបំណងបើកផ្លូវប្រើប្រាស់អាវុធនានាដើម្បីការពារប្រទេសជប៉ុន ក្នុងករណីមានការរំលោភបំពានណាមួយលើដែនអាកាស ។
បញ្ហាការរំលោភបំពានលើដែនអាកាស បានក្លាយជារឿងមួយដែលគេចាប់អារម្មណ៍កាន់តែច្រើនក្នុងប្រទេសជប៉ុន បន្ទាប់ពីអាមេរិកបានបាញ់ទម្លាក់បាឡុងចិនធ្លាក់នៅឆ្នេរសមុទ្ររដ្ឋ Carolina នៅខែកុម្ភៈនេះ ហើយអាមេរិកបានចែករំលែកព័ត៌មានអំពីឥរិយាបថស៊ើបការណ៍របស់ចិន ទៅកាន់មន្ត្រីស្ថានទូតចំនួន៤០ប្រទេសផងដែរ ៕
ប្រភព ៖ MGRonlineLive










