ប្រទេសស្កុតឡេន ៖ មេដឹកនាំគណបក្សជាតិស្កុតឡេន (Scottish National Party ឬ SNP) បានប្រកាសលាឈប់ពីតំណែងក្នុងសេចក្តីថ្លែងការណ៍នៅក្រុងអេឌីនបឺក ប៉ុន្តែលោកស្រី Nicola Sturgeon មិនលាឈប់ពីតំណែងភ្លាមៗទេ ដោយនឹងរង់ចាំឱ្យមានការបោះឆ្នោត និងមានអ្នកមកកាន់តំណែងបន្ត ។ លោកស្រីលើកឡើងថា ការសម្រេចចិត្តលាឈប់នេះ ដោយសារកាតព្វកិច្ច និងការស្រឡាញ់ ។

លោកស្រី Nicola Sturgeon បញ្ជាក់ថា ការសម្រេចចិត្តនេះ មិនមែនដោយសារការខឹងសម្បារអ្វីទេ ប៉ុន្តែគិតថា លោកស្រីគ្រាន់តែជាមនុស្សម្នាក់ដែលត្រូវដោះស្រាយរឿងរ៉ាវជម្លោះនានា ។ លោកស្រីថ្លែងថា ៖ «ខ្ញុំអាចធ្វើការបន្ត ២-៣ខែ ៦ខែ ឬ១ឆ្នាំ តែខ្ញុំដឹងច្បាស់ថា ពេលវេលាកន្លងហួសទៅយូរប៉ុណ្ណា កម្លាំងរបស់ខ្ញុំដើម្បីបំពេញភារកិច្ចនេះកាន់តែធ្លាក់ចុះ ហើយខ្ញុំជឿថា អ្នកកាន់តំណែងបន្តពីខ្ញុំ នឹងនាំប្រទេសស្កុកឡេនទៅរកឯករាជ្យ» ។SNP Manifesto - General Election 2019 — Scottish National Party

មុននេះ ប្រភពព័ត៌មានស្និទ្ធនឹងលោកស្រី Nicola Sturgeon បង្ហើបប្រាប់ BBC ថា មូលហេតុនៃការលាឈប់ ពីព្រោះលោកស្រីមានអារម្មណ៍ថា គ្រប់គ្រាន់នឹងការបំពេញតំណែងនេះអស់រយៈពេលជាង៨ឆ្នាំ ។

លោកស្រី Nicola Sturgeon ជានាយករដ្ឋមន្ត្រីកាន់តំណែងយូរបំផុតរបស់ប្រទេសស្កុតឡេន ដោយលោកស្រីចូលមកកាន់តំណែងនេះតាំងពីខែវិច្ឆិកា ឆ្នាំ២០១៤ បន្តពីលោក Alex Salmondក្រោយការបោះឆ្នោតប្រជាមតិឯករាជ្យពីប្រទេសអង់គ្លេស ។ បច្ចុប្បន្ន លោកស្រីមានអាយុ៥២ឆ្នាំ ជាសមាជិកសភាតំណាងរាស្ត្រស្កុតឡេនតាំងពីឆ្នាំ១៩៩៩ ក្រោយមក បានឡើងជាប្រធានគណបក្ស Scottish National Party នៅឆ្នាំ២០០៤ ។ កន្លងមក លោកស្រីបានឈ្នះឆ្នោតជាច្រើនលើកនៅប្រទេសស្កុតឡេន ហើយលោកស្រីបញ្ជាក់ថា ចង់ឱ្យគណបក្ស SNP តស៊ូក្នុងការបោះឆ្នោតនាពេលខាងមុខ ប្រៀបដូចប្រជាមតិបំបែកខ្លួនឯករាជ្យ ប៉ុន្តែមានការជំទាស់ពីសមាជិកគណបក្សមួយចំនួន ។Scottish National Party's manifesto explained – POLITICO

មនុស្សភាគច្រើនគិតថា លោកស្រីបានក្លាយជានិមិត្តរូបនៃឯករាជ្យភាពរបស់ស្កុតឡេនក្នុងពេលធ្វើជាមេដឹកនាំ ប៉ុន្តែការពិត និន្នាការគ្រប់គ្រងការបោះឆ្នោតប្រជាមតិបំបែកខ្លួនដើម្បីឯករាជ្យ ជារឿងមួយនៅឆ្ងាយទៀត ហើយគ្មានអ្នកណាដឹងថា វានឹងកើតឡើងទៀតពេលណា ។ ការប្រកាសលាឈប់ពីតំណែងរបស់ប្រធានគណបក្ស SNP មានន័យថា តើគណបក្សនេះត្រូវពិនិត្យឡើងវិញនូវគោលនយោបាយឯករាជ្យរបស់ប្រទេសស្កុតឡេនឬអត់ ៕ ប្រភព ៖ BBC News