រដ្ឋធានីកៀវ៖ ស្របពេលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ហៅកាត់ ណាតូ ឬ អូតង់) បាន និង កំពុងតែសន្យា បន្ដផ្ដល់កិច្ចគាំទ្រយ៉ាងខ្លាំងនោះ ជួយដល់អ៊ុយក្រែន នោះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ក៏កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង អំពីអំពើពុករលួយ នៅក្នុងប្រទេស ខណៈកំពុងតែទប់ទល់នឹងសង្គ្រាមលុកលុយ ពីរុស្ស៊ី។
សារព័ត៌មាន Aljazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ការលុកលុយរបស់កម្លាំងទាហានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ស្ទើរអស់រយៈពេលមួយឆ្នាំមកនេះ បានធ្វើឲ្យមនុស្ស រាប់ម៉ឺននាក់ បាត់បង់ជីវិត ហើយប្រជាជនអ៊ុយក្រែន ជិត១៧,៦លាននាក់ កំពុងតែត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ ចំណែករដ្ឋាភិបាលក្រុងកៀវ នៅតែប្រកាន់ខ្ជាប់ នៅក្នុងការប្រយុទ្ធ ប្រឆាំងនឹងកងទ័ពរុស្ស៊ី ខណៈអ៊ុយក្រែន កំពុងតែប្រឈមមុខនឹងសត្រូវមួយផ្សេងទៀត ដែលបានវាយលុក នៅក្នុងប្រទេស អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ គឺការលុបបំបាត់អំពើពុករលួយ។
អាជ្ញាធរអ៊ុយក្រែន កាលពីប៉ុន្មានសប្ដាហ៍កន្លងមកនេះ បានឆ្មក់ចូលផ្ទះរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ ហើយបានបណ្តេញមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើននាក់ ចេញពីតំណែង ដោយសារតែពួកគេត្រូវបានចោទប្រកាន់ អំពីបទស៊ីសំណូក។ រីឯលោក អូឡែកស៊ី រេស្នីកូវ (Oleksii Reznikov) រដ្ឋមន្ត្រី ក្រសួងការពារជាតិអ៊ុយក្រែន ក៏នឹងត្រូវមានអ្នកថ្មី ចូលមកជំនួសតំណែងរបស់គាត់ ក្រោយពេលអ្នកកាសែត និង ក្រុមសកម្មជន បានរកឃើញ ថា ក្រសួងការពារជាតិ បានទិញអាហារ សម្រាប់ទាហាន នៅក្នុងតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ដែលសង័្សយ ពីការបង្កប់អំពីពុករលួយ។![]()
ស្របពេលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង អង្គការណាតូ បានសន្យាបន្ដផ្ដល់ជំនួយ ដល់ប្រទេសអ៊ុយក្រែន នោះ ក៏មានក្រុមអ្នកនយោបាយ និង មន្រ្ដីយោធារបស់លោកខាងលិចមួយចំនួន បានគូសបញ្ជាក់ អំពីអំពើពុករលួយ នៅក្នុងប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។ ចំណែកបញ្ហាជាច្រើន បានលើកឡើងជាសំណួរ ថាតើអ៊ុយក្រែន ជាអ្នកប្រើប្រាស់ជំនួយបានល្អដែរទេ ខណៈប្រទេសនេះកំពុងតែទទួលជំនួយ ពីសម្ពន្ធមិត្ត។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានយល់ដឹងខ្ពស់ អំពីការរិះគន់របស់លោកខាងលិច និង សារៈសំខាន់ នៃការថែរក្សាលំហូរជំនួយ តាមរយៈការលុបបំបាត់អំពើពុករលួយ។
លោក វ៉ូឡូឌីមៀរ ឌូបូវីក (Volodymyr Dubovyk) សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យជាតិមេឆ្នីកូវ (Mechnikov) ស្ថិតក្នុងទីក្រុងអូដេសា (Odesa) ប្រទេសអ៊ុយក្រែន បានប្រាប់ Al Jazeera ថា «វាពិតជាមានទំនាក់ទំនងគ្នា រវាងចលនាប្រឆាំងនឹងអំពើពុករលួយ និង បំណងប្រាថ្នារបស់លោកប្រធានាធិបតី ហ្សេឡែនស្គី នៅក្នុងការថែរក្សាជំនួយផ្នែកយោធារបស់លោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែន បានយល់ឃើញ ថា គាត់គួរតែដោះស្រាយបញ្ហានេះឱ្យបានលឿន និង ម៉ឺងម៉ាត់ ដោយមិនបង្អង់យូរ ហើយគាត់យល់ ថា មានមនុស្ស នៅសហរដ្ឋអាមេរិក និង លោកខាងលិច បានហៅអ៊ុយក្រែន ថា ពុករលួយខ្លាំងពេក»។
លោកសាស្រ្ដាចារ្យ បានសង្កត់ធ្ងន់ ថា «ការព្រួយបារម្ភដ៏ខ្លាំងរបស់អ៊ុយក្រែន ត្រង់ថា សហរដ្ឋអាមេរិក និង លោកខាងលិច នឹងបោះបង់ពួកគេចោល ហើយលំហូរជំនួយគ្រឿងសព្វាវុធ ក៏នឹងត្រូវបញ្ចប់ផងដែរ»៕










