ក្រោយពីមើលឃើញការលំបាករបស់បងប្អូនកីឡាករ កីឡាការិនីមួយចំនួន ដែលពួកគេបានរងរបួស ហើយពិបាកព្យាបាល និងចំណាយថ្លៃនោះ ពេលនេះសម្តេចតេជោហ៊ុនសែន បានចេញសេចក្តីប្រកាស ដោយផ្តល់ការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព លើកីឡាករ កីឡាការិនី ទាំងអស់។

សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍ថា៖ “បងប្អូនកីឡាករកីឡាការិនី! កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។ ក្រោយត្រូវរបួសបងប្អូនជួបការលំបាក ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជនដោយរាប់ទាំងការលំបាកលើថវិកាលើការព្យាបាលផងដែលជាញឹកញាប់ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។ ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តមម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាពដែលមានចំនួនគ្រែពី ១០០ទៅ២០០គ្រែ។ ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស។ សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។ សូមកីឡាករ កីឡាការិនីទទួលយកនូវ សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត”៕