ប្រទេសថៃ ៖ បច្ចុប្បន្ននេះ អ្នកលេងបណ្តាញសង្គមកម្ពុជា និងថៃ បានជជែកវែកញែកគ្នាឆ្លងប្រទេសជាច្រើនប្រធានបទ មិនថារឿងកីឡា កីឡាករថៃ ប៊ួ ខាវ សង្ក្រាន្ត និងរឿងផ្សេងៗទៀត ។ ការជជែកគ្នានេះ មិនចេះចប់ពីប្រធានបទមួយចូលដល់ប្រធានបទមួយទៀត ។
ដោយឡែក មានប្រធានបទថ្មីមួយទៀតហើយដែលកំពុងមានការជជែកគ្នាក្នុងបណ្តាញសង្គមក្នុងប្រទេសថៃ ក្រោយពីម្ចាស់ហាងមូកៈថៈនៅកម្ពុជា បានប្តូរឈ្មោះហាងរបស់ខ្លួនពី «មូកៈថៈថៃ» ទៅជា «បារប៊ីឃ្យូ ភ្នំភ្លើង» ។ មូលហេតុនៃការប្តូរឈ្មោះនេះ ដោយសារក្នុងហាងមិនបានលក់សាច់ជ្រូកតែមួយមុខទេ ហើយហាងអះអាងថា ការប្តូរឈ្មោះនេះធ្វើឱ្យមានអតិថិជនចូលហាងកាន់តែច្រើនជាងមុន ។
ចំណែកអ្នកលេងបណ្តាញសង្គមនៅកម្ពុជា ក៏បានយល់ស្របនឹងការប្តូរឈ្មោះហាងនេះដែរ ប៉ុន្តែផ្ទុយទៅវិញ អ្នកលេងបណ្តាញសង្គមនៅថៃបែរជាមិនពេញចិត្ត ហើយនិយាយថា ការធ្វើបែបនេះ ត្រូវប្តូរការលក់របស់ខ្លួនល្អជាង ព្រោះបានកាត់ពាក្យ «ថៃ» ចេញ ខណៈហាងនេះនៅតែលក់របស់ដូចដើម ។ ប៉ុន្តែជនជាតិថៃមួយចំនួនទៀតយល់ឃើញថា ការប្តូរឈ្មោះហាងមិនប្លែកអ្វីទេ ព្រោះការពិត ដើមកំណើតមូកៈថៈ ក៏មិនមែនជារបស់ប្រទេសថៃដែរ ប៉ុន្តែសុំកុំឱ្យខ្មែរយកវាទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៀត ។
ជុំវិញការជជែកគ្នានៅក្នុងបណ្តាញសង្គមថៃនេះ ដោយយោងតាមវែបសាយថៃមួយឈ្មោះ Travel360 មានមតិមួយចំនួននិយាយថា ខ្មែរបានផ្លាស់ប្តូររបស់ថៃធ្វើជារបស់ខ្លួន ដូចជា ឈុតថៃ រឿងថៃ ភ្លេងថៃ ម្ហូបអាហារថៃ កីឡាថៃ និងវប្បធម៌ថៃ ហើយមានមតិមួយទៀតនិយាយថា ការពិត ប្រទេសថៃ និងកម្ពុជា គឺជាសត្រូវនឹងគ្នាជាយូរមកហើយ ព្រមទាំងបានធ្វើសង្គ្រាមជាមួយគ្នារហូតមក ។ ដូចគ្នានេះដែរ មតិផ្សេងទៀតសរសេរថា នៅក្នុងចិត្តជនជាតិខ្មែរមានតែការច្រណែនប្រទេសថៃ ខណៈអ្នកខ្លះសរសេរថា គ្រាន់តែខ្ទះអាំងសាច់ ក៏ខ្មែរទិញពីថៃទៅប្រើប្រាស់ដែរ ពិតជាអន់មែន ។ ចំណែកមតិបន្ទាប់ថា ថៃប្រញាប់ចុះបញ្ជីមូកៈថៈទៅ ប្រយ័ត្នខ្មែរយកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។
នៅក្នុងការបញ្ចេញមតិនេះដែរ ជនជាតិថៃមួយចំនួននិយាយថា គ្រាន់តែប្តូរឈ្មោះ ឱ្យប្តូរចុះ ព្រោះខ្មែរបានទទួលវប្បធម៌ដោយសារមើលរឿងភាគថៃ ស្របគ្នានឹងមតិមួយទៀតនិយាយថា លើកលែងទៅ អ្នកណាៗក៏មានសិទ្ធិដាក់ឈ្មោះហាងដែរ គេដាក់ឈ្មោះអ្វី ស្រេចតែគេទៅ… ។ ទោះយ៉ាងណា នេះគ្រាន់តែជាមតិលើកឡើងរបស់ជនជាតិថៃនៅក្នុងវែបសាយឈ្មោះ Travel360 ប៉ុណ្ណោះ ៕
ប្រភព ៖ travel360










