ក្រុម One Last Time បានក្លាយជាក្រុមតំណាងកីឡាអេឡិចត្រូនិកកម្ពុជា លើវិញ្ញាសា AK2 សម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បន្ទាប់ពីពួកគេដណ្ដើមបានជើងឯកថ្នាក់ជាតិ AK2 League 2022 ដោយបានយកឈ្នះក្រុម JET-II ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយជោគជ័យនេះ លោក ឈុន ហាំងជ័រ ហៅ Sento គ្រូបង្វឹកក្រុមជើងឯកខាងលើ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ដែលកូនក្រុមរបស់ខ្លួនធ្វើបានយ៉ាងល្អ ដោយមិនស្គាល់ការចាញ់ម្ដងឡើយ ក្នុងចំណោម៦ប្រកួត។ តាមរយៈនេះ លោកមានជំនឿចិត្តយ៉ាងមុតមាំថា ក្រុមរបស់ខ្លួន នឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីប្រជែងមេដាយមាសជូនជាតិ លើវិញ្ញាសា AK2 ដែលជាវិញ្ញាសាដ៏មានសក្ដានុពលរបស់កម្ពុជា។

សូមបញ្ជាក់ថា AK2 League 2022 បានដំណើរការប្រកួតជាង១ឆ្នាំ តាំងពីដើមឆ្នាំ២០២២ មកម្ល៉េះ ដោយរៀបចំការប្រកួតលើ ២វិញ្ញាសា រួមមានវិញ្ញាសាក្រុម (AK2 team match) និងវិញ្ញាសាឯកត្តជន (Personal mode)។ ក្រោយឆ្លងកាត់ការប្រកួត៥រដូវកាល ទើបរកឃើញក្រុមតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម នាពេលខាងមុខ ពោលគឺក្រុម One Last Time បានគ្រងជើងឯកលើវិញ្ញាសាជាក្រុម។ រីឯវិញ្ញាសាឯកត្តជន ជើងឯកបានទៅកីឡាករ សៀក លីសុខេង (MAX-12hr3e) មកពីក្រុម Team MAX៕