តាមការស្ទង់មតិរបស់ MLIV Pulse បានចង្អុលបង្ហាញថា ប្រព័ន្ធបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់កំពុងគំរាមកំហែងការងារភាគច្រើនក្នុងផ្នែកហិរញ្ញវត្ថុ ច្បាប់ និងបច្ចេកវិទ្យា ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍នោះ គឺមនុស្សភាគច្រើននៃអ្នកឆ្លើយតបការស្ទង់មតិចំនួន២៩២នាក់ ឆ្លើយថា ពួកគេមិនគិតថា ការងាររបស់ខ្លួននឹងប្រឈមក្នុងរយៈពេល៣ឆ្នាំខាងមុខទេ បើទោះជាពួកគេធ្វើការផ្នែកហិរញ្ញវត្ថុក្តី អ្នកឆ្លើយទាំងនេះមាន អ្នកស្រាវជ្រាវ, អ្នកយុទ្ធសាស្ត្រ, សេដ្ឋវិទូ, អ្នកគ្រប់គ្រងមូលនិធិ, វិនិយោគិន និងពាណិជ្ជករ ។
បញ្ញាសិប្បនិម្មិត ឬ AI បានអភិវឌ្ឍន៍ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែនេះ ការចាប់អារម្មណ៍លើ AI បានកើនឡើងយ៉ាងខ្លាំង ជាពិសេស កម្មវិធី ChatGPT និង DALL•E របស់ OpenAI បានទទួលការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិន ខណៈគេជឿថា នឹងប្រើប្រាស់ឧបករណ៍នេះសម្រាប់បង្កើតប្រាក់ចំណេញមហាសាល ។
អ្នកឆ្លើយតបពាក់កណ្តាលជឿថា បច្ចេកវិទ្យានេះសមស្របប្រើប្រាស់ក្នុងការវិនិយោគ ។ ទោះយ៉ាងណា ការប្រើ AI ក្នុងចំណោមវិនិយោគិន មានមិនច្រើនទេ គឺត្រឹម១២%ប៉ុណ្ណោះដែលបានប្រើ AI សម្រាប់វិនិយោគ ហើយមានត្រឹម២៧% នឹងមានគម្រោងប្រើ AI ក្នុងការវិនិយោគ ហើយអ្នកឆ្លើយតបពាក់កណ្តាលទៀតប្រាប់ថា គ្មានគំនិតចង់ប្រើ AI ទេ ។
លទ្ធផលស្ទង់មតិនេះ គឺផ្ទុយនឹងការវិនិយោគលើ AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា ការវិនិយោគក្នុងទឹកប្រាក់១ម៉ឺនលានដុល្លារអាមេរិករបស់ Microsoft និង OpenAI ជាក្រុមហ៊ុនអភិវឌ្ឍន៍ ChatGPT ខណៈក្រុមហ៊ុនផ្សេងៗបានវិនិយោគលើ AI ដូចជា BuzzFeed, C3.ai, SoundHound AI និង BigBear.ai ដែលមានបរិមាណជួញដួរហ៊ុនកើនឡើងខ្លាំង ព្រមទាំងតម្លៃភាគហ៊ុនប្រែប្រួលខ្លាំង ។
ទោះយ៉ាងណា ការប្រើប្រាស់ ChatGPT បានទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនមួយចំនួន ដោយអ្នកឆ្លើយតបការសម្ភាសន៍ជាង៤៩% ថា មានគម្រោងទិញភាគហ៊ុនបច្ចេកវិទ្យា AI ហើយអ្នកតបសម្ភាសន៍៤១% ថា ពួកគេមានបំណងរួមចំណែកជាមួយភាគហ៊ុនបច្ចេកវិទ្យា ខណៈ៣៨% ឆ្លើយថា នឹងកាន់កាប់យ៉ាងរឹងមាំក្នុងរយៈពេល៦ខែខាងមុខ ។
ក្រុមហ៊ុនអាជីវកម្ម និងវិនិយោគិនបានប្រជែងគ្នាលើបច្ចេកវិទ្យាអាចបង្កើតប្រព័ន្ធផ្សព្វផ្សាយដូចជា សារ និងរូបភាព ឬរៀបចំការសន្ទនាពីប្រធានបទផ្សេងៗ ។ បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Alphabet, Meta និង Amazon បានប្រជែងគ្នាយកឧបករណ៍ AI ដ៏ឆ្លាតវៃបង្ហាញទៅកាន់មហាជន ។
Wendy Hall សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៃមហាវិទ្យាល័យ Southampton បាននិយាយទៅកាន់ Bloomberg TV ថា សង្គ្រាម AI បានបើកឆាកហើយរវាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ៕ ប្រភព ៖ thestandard










