ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ អ្នកនាង រ៉ាជឆៈដា ថាណាឌីរិច អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បង្ហាញថា ផ្លែឈើរបស់ថៃបានបង្កើតប្រាក់ចំណូលខ្ពស់សម្រាប់ប្រទេស ខណៈថៃបាននាំចេញផ្លែឈើមានគុណភាពល្អ និងមានស្តង់ដារទៅក្រៅប្រទេស ជាពិសេស គេចាត់ទុកថា ទុរេនជាស្តេចផ្លែឈើ ដែលថៃបានទទួលចំណូលរាប់លានបាតក្នុង១ឆ្នាំពីការនាំចេញ ។ គេមានគម្រោងដឹកជញ្ជូនទិន្នផលមកកាន់ទីផ្សារជាបន្តបន្ទាប់ ចាប់ពីពាក់កណ្តាលខែកុម្ភៈ រហូតដល់ខែសីហា ឆ្នាំ២០២៣ ។
ក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានចុះបញ្ជីទុរេននៅខេត្តយ៉ាឡា គឺជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) សម្រាប់ខេត្តយ៉ាឡា ។ បច្ចុប្បន្ន ទុរេនក្នុងខេត្តយ៉ាឡាមានតម្លៃខ្ពស់ គឺ១៩០បាត/១គីឡូក្រាម និងបង្កើតប្រាក់ចំណូលដល់ពលរដ្ឋយ៉ាឡាចំនួន២.៨០០លានបាត/១ឆ្នាំ ។
អ្នកនាង រ៉ាជឆៈដា បន្តថា ក្រសួងកសិកម្មបានត្រៀមផែនការដោះស្រាយបញ្ហាទុរេនជាប្រព័ន្ធ ចាប់ពីដំណាក់កាលថែទាំក្នុងពេលដាំដុះ រហូតដល់ការប្រមូលផលទុរេនលក់ ។ កន្លងមក ប្រទេសថៃតែងជួបបញ្ហាមានអ្នកលួចលក់ទុរេនខ្ចី ហេតុនេះ ដើម្បីដោះស្រាយបញ្ហាយូរអង្វែង លោក ឆ្លឺមឆៃ ស្រីអន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាឱ្យរៀបចំប្រព័ន្ធការងារសកម្ម តាមរយៈក្រុមការងារដោះស្រាយបញ្ហាទុរេនខូចគុណភាព និងសិទ្ធិទទួលបានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អរបស់កសិករសម្រាប់នាំចេញទុរេន ហើយក្រុមការងារនឹងរៀបចំផែនការទប់ទល់នឹងការប្រកួតប្រជែងនាំចេញទុរេនរបស់ប្រទេសជិតខាងផងដែរ ។
អ្នកនាង រ៉ាជឆៈដា បន្ថែមថា លោក ឆ្លឺមឆៃ ក៏បានចាត់ឱ្យនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងភ្នាក់ងារ បង្កើតទីកន្លែងពិនិត្យមើលគុណភាពទុរេនចំនួន៥ខេត្តដូចជា ចន្ទបុរី ត្រាត រ៉ក់យ៉ង ឈុមផន និងនគររាជសីមា ។ នាយកដ្ឋានកសិកម្មមានតួនាទីពិនិត្យមើលការវេចខ្ចប់ ដោយត្រូវមានវិញ្ញាបនបត្របញ្ជាក់ពីទម្ងន់សាច់ទុរេន ។ ការពិនិត្យទាំងអស់នេះហើយធ្វើឱ្យទុរេនថៃមានគុណភាពល្អជាងប្រទេសដទៃ ។
លើសពីនេះ អ្នកនាង រ៉ាជឆៈដា បានសំណូមពរថា សុំតែម្យ៉ាងទៅកាន់កសិករ កុំបេះទុរេនខ្ចីលក់ ។ នាយកដ្ឋានបានកំណត់កាលបរិច្ឆេទប្រមូលផលទុរេនដូចជា ទុរេនពូជក្រាឌុម និងភួងម៉ានី ប្រមូលផលនៅថ្ងៃទី១០ ខែមីនា, ពូជឆៈនី ប្រមូលផលថ្ងៃទី២០ ខែមីនា និងពូជមន់ថង ប្រមូលផលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។ អ្នកនាងថ្លែងថា ៖ «សូមការសហការពីកសិករទាំងអស់ បើប្រមូលផលមុនថ្ងៃប្រកាស ចូរយកទុរេនខ្ចីបំផុតមកបង្ហាញមន្ត្រីកសិកម្មនៅការិយាល័យកសិកម្មស្រុកពិនិត្យសិន ដើម្បីចេញវិញ្ញាបនបត្រភ្ជាប់ជាមួយឡានដឹកជញ្ជូនទុរេន និងយកទៅលក់តាមរោងចក្រវេចខ្ចប់» ៕
ប្រភព ៖ newpapertoday










