វៀតណាម កំណត់គោលដៅយ៉ាងហោចណាស់ ត្រូវដណ្ដើមឱ្យបានមេដាយមាស ចំនួន ១០០គ្រឿង និងបញ្ចប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៣ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះ។

ខណៈពេលដែលគោលដៅនេះ មើលទៅហាក់បីដូចជាខ្ពស់ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា វាគ្រាន់តែជាចំនួនពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលវៀតណាម សម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ធ្វើឡើងនៅទីក្រុងហាណូយ កាលពីខែឧសភាកន្លងទៅ ដោយសារតែចំនួនប្រភេទកីឡាតិចជាងអត្តពលិកវៀតណាមដែលនឹងចូលរួមលើកនេះ ដ្បិតអីប្រភេទកីឡាដែលវៀតណាម មានសក្ដានុពលដូចជា បាញ់កាំភ្លើង, ជិះទូកកាណូ, គូរ៉ាស (Kurash) និងកីឡាកាយវប្បកម្ម ពុំត្រូវបានដាក់បញ្ចូលទៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជាឡើយ។

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong៖ “យើងស្ថិតនៅក្រោមសម្ពាធខ្ពស់នៅមុនស៊ីហ្គេម លើកទី៣២ ពីព្រោះយើងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដោយទទួលបានមេដាយមាស ចំនួន ២០៥គ្រឿង និងតំណែងកំពូលតារាង។យើងបានរៀបចំយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅលើទឹកដីខ្លួនឯង ហើយរីករាយនឹងគុណសម្បត្តិនេះ រួមជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួលផ្សេងទៀត ដែលល្អជាងការប្រកួតនាពេលខាងមុខ។ ក្នុងពេលជាមួយគ្នានេះ កម្ពុជាបានបញ្ចេញច្បាប់ ដែលកាត់បន្ថយប្រភេទកីឡាខ្លាំងៗរបស់យើង និងកាត់បន្ថយវិញ្ញាសាជាច្រើន។ វានាំទៅរកគម្លាតសមិទ្ធិផលដ៏ធំមួយរវាងហ្គេមទាំង២ សម្រាប់ក្រុមវៀតណាម”។

គួររំលឹកផងដែរថា ព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕