ប្រទេសថៃ ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា រួមទាំងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើនរូបបានមកទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato Seri Anwar Ibrahim និងភរិយា រួមទាំងមន្ត្រីរដ្ឋាភិបាល ដែលបានធ្វើដំណើរមកកាន់ប្រទេសថៃជាផ្លូវការ ក្នុងឋានៈជាភ្ញៀវរបស់រដ្ឋាភិបាលថៃ ។
មេដឹកនាំថៃ និងម៉ាឡេស៊ីបានប្រជុំពិភាក្សាទ្វេភាគីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ព្រំដែនថៃ-ម៉ាឡេស៊ី សម្រាប់៥ខេត្តស្ថិតនៅភាគខាងត្បូងរបស់ថៃ ជាមួយ៤តំបន់នៅភាគខាងជើងរបស់ម៉ាឡេស៊ី ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងលើកកម្ពស់ឧស្សាហកម្មរវាងប្រទេសទាំងពីរដូចជា ឧស្សាហកម្មជ័រកៅស៊ូ អាហារហាឡាល់ ថាមពល សេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាបៃតង ។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ រួមមាន ៖
១-ការបង្កើតក្រុមការងារចម្រុះសិក្សាពីលទ្ធភាពអាចទៅរួចនៃសំណើពង្រឹងការភ្ជាប់បណ្តាញអគ្គិសនីរវាងម៉ាឡេស៊ី និងថៃ
២-សំណើសហប្រតិបត្តិការស្វែងរកសក្តានុពលនៃបច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងការផលិតថាមពលក្នុងប្រទេសថៃ
៣-សំណើស្វែងរកឱកាសសហការគ្នា ការមានចំណែករួម និងការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញក្នុងភូមិភាគអាស៊ីអាគ្នេយ៍
៤-សំណើរវាងគម្រោង Malaysia Digital Economy Corporation SDN. BHD. (MDEC) និងភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថល.jpg)
លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ប្រទេសថៃមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើដំណើរទស្សនកិច្ចមកថៃជាផ្លូវការ ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហការគ្រប់ផ្នែក ។ ជាមួយគ្នានេះ ប្រទេសទាំងពីរនឹងស្វែងរកការសហការថ្មីៗបន្ថែមទៀតសម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ និងផ្តល់ភាពសំខាន់លើការអភិវឌ្ឍតំបន់ព្រំដែនថៃ-ម៉ាឡេស៊ីឱ្យក្លាយជាសសរបង្គោលអភិវឌ្ឍន៍រួមគ្នា និងធ្វើឱ្យតំបន់ព្រំដែនក្លាយជាដែនដីមាស និងសន្តិសុខ ។
នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីការបង្កលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មជាមួយម៉ាឡេស៊ី ជាពិសេស ការតភ្ជាប់ផ្លូវឆ្លងកាត់ច្រករវាងថៃ-ម៉ាឡេស៊ី និងការសាងសង់ស្ពាន ។ លើសពីនេះ ប្រទេសទាំងពីរបានសហការគ្នាផ្នែកសេដ្ឋកិច្ចដើម្បីសម្រេចគោលដៅពាណិជ្ជកម្មក្នុងទឹកប្រាក់ស្មើ៣ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៥ រួមទាំងលើកកម្ពស់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ពលរដ្ឋ ដោយផ្តោតលើថា តើគួរធ្វើដូចម្តេចដើម្បីឱ្យទិន្នផលកសិកម្មមានតម្លៃខ្ពស់ ។
ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «យើងជាប្រទេសជិតខាងនៅជិតគ្នាបំផុត ដែនដីក៏ជាប់គ្នា បើយើងរឹងមាំទាំងពីរប្រទេស មានការជឿទុកចិត្តគ្នាទៅវិញទៅមកនោះ ការសហការគ្នាក៏អាចធ្វើបានតាមគោលដៅរបស់យើង» ៕ ប្រភព ៖ TheReporters










