រដ្ឋធានីមូស្គូ៖ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់បណ្ដាប្រទេសបស្ចិមលោក ប្រឆាំងនឹងសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅក្នុងប្រទេសអ៊ុយក្រែន បាន និង កំពុងតែធ្វើឲ្យប្រាក់ចំណូល ពីវិស័យប្រេង និង ឧស្ម័នរបស់រុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំង ហើយឥឡូវនេះ ក្រុងមូស្គូ បានសម្រេចលក់មាសមួយចំនួនរបស់ខ្លួន ដើម្បីទប់ទល់នឹងឱនភាពថវិកា នៅក្នុងខែមករា កន្លងមកនេះ។

គេហទំព័ររបស់ក្រុមហ៊ុនមាស Kitco មានមូលដ្ឋាន នៅក្នុងប្រទេសកាណាដា បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ កាលពីដើមសប្ដាហ៍នេះ ថា ឱនភាពថវិការបស់រុស្ស៊ី បានកើនឡើង រហូតដល់ ១,៧៦លានលានរូប្លិ៍ (Rubles ជាលុយរបស់រុស្ស៊ី) ឬស្មើនឹង២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះជាការកត់សម្គាល់ អំពីឱនភាពដ៏ខ្ពស់បំផុត នៅក្នុងខែមករា សម្រាប់រយៈពេល២៥ឆ្នាំកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-wpnX5pRXe-uP-48Dlx3anniIBmmW-ZnkRd0gg_-0SsDclPZ-oii1zqmPt-8sSPyNlhP7cUTZjk7_YKMKem5bMN4xJwqVCQOK3udhaZ_oY9VPjpBeSuXC4uLi-BkG6v2zyPrKq4PTLPBPb4RwYS341C9Ed23BbJtw8naOmlmBI2AATKmN_59Wcreq/s900/photo_2023-02-10_09-02-44.jpg

ចំណូលពន្ធ ពីប្រេង និង ឧស្ម័ន នៅក្នុងរយៈពេលមួយឆ្នាំមកនេះ បានដាំក្បាលចុះ រហូតដល់៤៦ភាគរយ។ សកម្មភាពបែបនេះ បានរួមចំណែក នាំឲ្យមានឱនភាពថវិកាដ៏ខ្លាំងបំផុត នៅក្នុងប្រទេសរុស្ស៊ី។ ដោយឡែក ការចំណាយរបស់រុស្ស៊ី វិញ បាន និង កំពុងតែកើនឡើង រហូតដល់៥៩ភាគរយ ហើយវាជាការចំណាយដ៏ខ្ពស់បំផុត ដោយសារក្រុងមូស្គូ កំពុងតែជាប់ផុង នៅក្នុងសង្គ្រាម ប្រឆាំងនឹងអ៊ុយក្រែន។

ប្រាក់ចំណូលពីវិស័យប្រេង និង ឧស្ម័ន បានធ្លាក់ចុះទាបបំផុត ក្រោយពេលបណ្ដាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាបន្ដបន្ទាប់ ប្រឆាំងនឹងការនាំចេញប្រភពថាមពលរបស់រុស្ស៊ី។ ទណ្ឌកម្មរបស់លោកខាងលិច បានហាមឃាត់ដល់ការនាំចូលប្រេងឆៅតាមសមុទ្រ និង ប្រេងឥន្ធនៈចម្រាញ់ ពីប្រទេសរុស្ស៊ី ចូលទៅកាន់ប្លុកសេរីរបស់ខ្លួន ហើយថែមទាំងបានកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដ៏ទាប តាមការសម្រេចចិត្តរបស់ក្រុមមេដឹកនាំប្រទេស G-7 និង សហភាពអឺរ៉ុប។

ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ថា រុស្ស៊ី បានលក់មាស ៣,៦តោន និង ប្រាក់២,៣ពាន់លានយន់ (Yuan លុយរបស់ចិន) ឬស្មើនឹងប្រហែលជាង ៣៣៨,៩៦លានដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិទ្រព្យសម្បតិ្ដជាតិរបស់រុស្ស៊ី នៅក្នុងខែមករា។ ការលក់ទ្រព្យសម្បតិ្ដទាំង២នេះ បានបន្ថែម រហូតដល់ ៣៨,៥ពាន់លានរូប្លិ៍ ឬស្មើនឹង៥៤៣លានដុល្លារអាមេរិក។ គោលបំណង នៃការលក់មាសនេះ គឺដើម្បីជួយគ្រប់គ្រង ដល់ឱនភាពថវិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTVa7mUywRQmE3ljPDvc2arDdIMeDp-_eJPI_du74fQgsI0x3B8E4vtMrgP1Q2ynlienj2YXIs6ovNN6wEwa1O0-WDZBr1MOAPIPjxvbiyKl-BRMzPccPI8ARMvVIcEPeNieSz7gLBRPuQbWcvOH9Cv_uiBMpST2bFsIkjwzFOGspU2LOYMqqdBA5w/s655/photo_2023-02-10_09-02-50.jpg

គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ មូលនិធិទ្រព្យសម្បតិ្ដជាតិរុស្ស៊ី (NWF) មានលុយចំនួន ១៥៥,៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៧,២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយវាកើនឡើង ពី១៤៨,៤ពាន់លានដុល្លារ ដែលបានរាយការណ៍ កាលពីខែធ្នូ ឆ្នាំ២០២២។

មូលនិធិទ្រពសម្បតិ្ដជាតិរបស់រុស្ស៊ី (NWF) តែងតែទទួលបានចំណូល ពីប្រេងរបស់រុស្ស៊ី។ NWF ត្រូវបានបង្កើតឡើង សម្រាប់ជួយគាំទ្រ ដល់ប្រព័ន្ធសោធននិវត្តន៍។ នៅដើមឆ្នាំនេះ ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី បានបញ្ជាក់ ថា រុស្ស៊ី បានបង្កើនកម្រិតកាន់កាប់មាស និង ប្រាក់យន់របស់ចិន កើនឡើងទ្វេដង នៅក្នុងមូលនិធិទ្រពសម្បតិ្ដជាតិរបស់រុស្ស៊ី (NWF)។

ដែនកំណត់កាន់កាប់មាស ជាអតិបរមាថ្មី ត្រូវបានកំណត់ រហូតដល់៤០ភាគរយ ហើយ៦០ភាគរយ សម្រាប់ប្រាក់យន់របស់ចិន ខណៈដែនកំណត់គ្រប់គ្រងមាសពីមុន មានត្រឹមតែ២០ភាគរយ និង ប្រាក់យន់របស់ចិន មានត្រឹមតែ៣០ភាគរយ។ ចំណែកការកែប្រែនេះ មានហេតុផល សម្រាប់ធានាបាននូវការបត់បែន តាមកាលៈទេសៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBpi2THoejw4JQy0I7rR0OXL9gPksyIJcxVLixCS-NC2Y9bZ0clwOL0TFJoh_yP81lBNd-gNhUAGENM53XPrpyhvDo98umfQ6pRgBwreQmw2hJ5fGGTc9CevHOTsmjX_16GVs9XZpvB5QmyCsZhz_5KovPGIct0QcLOX02NE-_A87IZYVAble_SFOP/s1013/photo_2023-02-10_09-02-46.jpg

ដោយឡែក មូលនិធិទ្រព្យសម្បតិ្ដជាតិរបស់រុស្ស៊ី បានកាន់កាប់ ជាប្រាក់អឺរ៉ូ (ប្រាក់អឺរ៉ុប) ប្រាក់ផោន (លុយរបស់ចក្រភពអង់គ្លេស) និង ប្រាក់យេន (លុយរបស់ជប៉ុន) ប៉ុន្ដែត្រូវបានបង្កកអស់ ក្រោយទណ្ឌកម្មរបស់លោកខាងលិច ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។

អស់រយៈពេលប្រហែល១ឆ្នាំកន្លះមកនេះ មូលនិធិទ្រព្យសម្បត្ដិជាតិរបស់រុស្ស៊ី (NWF) បានលុបចោលទ្រព្យសម្បតិ្ដ ជាប្រាក់ដុល្លារទាំងអស់ ហើយងាកមកបង្កើននូវការកាន់កាប់មាសរបស់ខ្លួន ជាប្រាក់អឺរ៉ូរបស់អឺរ៉ុប និង ប្រាក់យន់របស់ចិនវិញ៕