រាជធានីតូក្យូ៖ ភាពតានតឹងកាន់តែខ្លាំង នៅសមុទ្រចិន និង ការព្រួយបារម្ភកំពុងតែកើនឡើង ជុំវិញការលុកលុយរបស់ចិន ទៅលើកោះតៃវ៉ាន់ ក៏កំពុងតែជំរុញឲ្យជប៉ុន និង ហ្វីលីពិន បង្កើននូវទំនាក់ទំនងយោធា កាន់តែស៊ីជម្រៅ ខណៈប្រទេសអាស៊ានមួយនេះ កំពុងតែមានជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង ជាមួយនឹងក្រុងប៉េកាំង។
បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marco) ប្រធានាធិបតីហ្វីលីពីន កាលពីព្រឹក ថ្ងៃពុធ បានធ្វើដំណើរទៅកាន់រាជធានីតូក្យូ ដើម្បីជួបជាមួយនឹងនាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida)។ មេដឹកនាំទាំង២ កំពុងតែស្វែងរកនូវទំនាក់ទំនង ឲ្យកាន់តែស៊ីជម្រៅ ដោយរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងការពារជាតិ ដែលជាការឆ្លើយតប ទៅនឹងសម្ពាធយោធារបស់ចិន កំពុងតែកើនឡើង នៅក្នុងតំបន់។
ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតី ម៉ាកូស បានកើតឡើង នៅសប្ដាហ៍នេះ ក្រោយពេលក្រុងម៉ានីល បានប្រកាស អំពីកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាត ដល់កងទ័ពសហរដ្ឋអាមេរិក មានសិទ្ធិចូលទៅប្រើប្រាស់មូលដ្ឋានយោធា ចំនួន៤ផ្សេងទៀត នៅក្នុងប្រទេសអាស៊ានមួយនេះ។ ទន្ទឹមគ្នានេះដែរ ជប៉ុន និង ហ្វីលីពិន ក៏បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការចរចា ស្ដីអំពីកតិកាសញ្ញាការពារជាតិសំខាន់ៗ។
កិច្ចព្រមព្រៀង RAA ជាកតិកាសញ្ញាការពារជាតិ និង សន្ដិសុខទ្វេភាគី ហើយវានឹងអនុញ្ញាតដល់ប្រទេសទាំងនេះ ដាក់ពង្រាយកងទ័ព នៅលើទឹកដីរបស់ពួកគេទៅវិទៅមក សម្រាប់ការហ្វឹកហ្វឺន និង ប្រតិបត្ដិការផ្សេងៗទៀត។ ជប៉ុន ដែលធ្លាប់ឈ្លានពាន និង កាន់កាប់ប្រទេសហ្វីលីពិន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានចុះកតិកាសញ្ញា ពាក់ព័ន្ធស្រដៀងគ្នានេះ ជាមួយនឹងចក្រភពអង់គ្លេស និង អូស្ដ្រាលី កាលពីពេលថ្មីៗនេះ។
លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marco) ប្រធានាធិបតីហ្វីលីពិន និង លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្ដីជប៉ុន មិនត្រូវគេរំពឹង ថា នឹងបានសម្រេច លើកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀង RAA ភ្លាមៗ នាពេលនេះឡើយ។ ប៉ុន្ដែមេដឹកនាំទាំង២ ទំនងជានឹងព្រមព្រៀងគ្នា ចំពោះវិធានការនានា ដោយមានគោលបំណងបង្កើនល្បឿន លើការដាក់ពង្រាយយោធា សម្រាប់ជំនួយមនុស្សធម៌ និង កិច្ចការដោះស្រាយគ្រោះមហន្ដរាយ។
លោក រ៉ែណាតូ ដេកាស្រ្ដូ (Renato DeCastro) សាស្រ្តាចារ្យកិត្តិយស នៅក្នុងនាយកដ្ឋានសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យដេឡាសាឡេ (De La Salle) ស្ថិតក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពិន បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកប្រធានាធិបតី ម៉ាកូស និង លោកនាយករដ្ឋមន្រ្ដីជប៉ុន កំពុងតែទទួលយកវិធីសាស្រ្តបន្ថែម ឆ្ពោះទៅរកកិច្ចព្រមព្រៀង RAA ប្រហែលជា ដើម្បីបញ្ចៀសនូវការបង្កហេតុ ពីក្រុងប៉េកាំង។ មេដឹកនាំទាំង២ ដឹងយ៉ាងច្បាស់ ថា ពួកគេបានប៉ះពាល់ ដល់ចំណុចដ៏រសើប នៅក្នុងប្រទេសចិន ដោយការបង្កើតលទ្ធភាពឡោមព័ទ្ធប្រទេសអាស៊ី នៅជុំវិញចិន។
ដោយឡែក សម្រាប់ទស្សនៈរបស់ក្រុងប៉េកាំង វិញ តែងតែចាត់ទុក ថា សកម្មភាពបែបនេះ ជាការចាប់ផ្ដើម បង្កើតអង្គការណាតូ នៅអាស៊ី។ ដូចអ្វីដែលអ្នកបានដឹងរួចមកហើយ បណ្ដាប្រទេសអាស៊ី កំពុងតែបង្កើនកម្លាំង និង ធ្វើឲ្យកាន់តែប្រសើរឡើងនូវភាពជាដៃគូសន្ដិសុខរបស់ពួកគេ។
នៅមុនពេលធ្វើដំណើរចាកចេញ ពីប្រទេសហ្វីលីពិន កាលពីថ្ងៃពុធ លោកប្រធានាធិបតី ម៉ាកូស បានហៅដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ប្រទេសជប៉ុន ជាយន្ដការដ៏មានសំខាន់មួយ ដើម្បីពង្រឹងនូវភាពជាដៃគូ ជាមួយនឹងបណ្ដាប្រទេសធំៗ នៅក្នុងតំបន់ ចំពេលបរិយាកាសរបស់ពិភពលោក កំពុងតែប្រកួតប្រជែង។
លោកប្រធានាធិបតី ម៉ាកូស បានបញ្ជាក់ ថា «គាត់កំពុងតែស្វែងកិច្ចសហការយ៉ាងសកម្មជាមួយនឹងក្រុងតូក្យូ នៅក្នុងវិស័យជាច្រើន ដោយរាប់បញ្ចូល ទាំងកសិកម្ម ថាមពលកកើតថ្មី បដិវត្ដន៍ប្រព័ន្ធឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ វិស័យការពារជាតិ និង សន្ដិសុខ។ គាត់ និង លោកនាយករដ្ឋមន្រ្ដី គីស៊ីដា រំពឹង ថា នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ចំនួន៧ គ្របដណ្ដប់ទៅលើវិស័យទាំងនោះ នៅក្នុងដំណើរទស្សនកិច្ចរបស់គាត់»។
ដោយព្រួយបារម្ភ អំពីការបង្កើននូវការអះអាងរបស់ក្រុងប៉េកាំង ជុំវិញដែនអធិបតេយ្យភាព ទៅលើកោះតៃវ៉ាន់ និង មូលដ្ឋានកងទ័ពជាច្រើនរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះ ជាមួយនឹងបណ្ដាប្រទេសជាច្រើន នៅតំបន់អាស៊ាននោះ ក្រុងម៉ានីល បាន និង កំពុងតែជួសជុលនូវទំនាក់ទំនង ជាមួយក្រុងវ៉ាស៊ីនតោន ដែលបានប្រេះស្រាំ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ។ ដោយសារតែការនៅជិត ជាមួយតៃវ៉ាន់ និង ដែនទឹកជុំវិញរបស់ខ្លួននោះ កិច្ចសហប្រតិបត្តិការរបស់ហ្វីលីពិន នឹងជាគន្លឹះមួយ នៅក្នុងព្រឹត្តិការណ៍ជម្លោះជាមួយចិន។
ការព្រួយបារម្ភ ជុំវិញការគំរាមកំហែង ពីប្រទេសចិន បានជំរុញឲ្យជប៉ុន បង្កើនថវិកា លើវិស័យការពារជាតិ រហូតដល់ ៣២៣,៤ពាន់លានដុល្លារ ដោយកើនឡើងទ្វេដង ដែលស្មើនឹង២ភាគរយ នៃផលិតក្នុងស្រុកសរុប (GDP)របស់ជប៉ុន តាមស្ដង់ដាររបស់អង្គការណាតូ។
បើតាមក្រុងម៉ានីល បានឲ្យដឹង ថា ជប៉ុន ជាប្រភពការទូតដ៏ធំបំផុត សម្រាប់ជំនួយអភិវឌ្ឍន៍ និង ជាដៃគូពាណិជ្ជកម្មធំលំដាប់ទី២របស់ហ្វីលីពិន។ ជប៉ុន ក៏ជាប្រទេសតែមួយគត់ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយហ្វីលីពិន។
លោកនាយករដ្ឋមន្រ្ដី គីស៊ីដា ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ អំពីកិច្ចព្រមព្រៀងប្រាក់កម្ចីជាច្រើន និង ការពង្រីកគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ហ្វីលីពិន រួមទាំងការដោះដូរប្រាក់ចំនួន៣ពាន់លានដុល្លារ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ដល់គម្រោងផ្លូវដែកដ៏សំខាន់ថែមទៀតផង៕










