ភ្នំពេញ៖ ជំងឺឆ្កែឆ្កួតដែលបណ្តាលមកពីឆ្កែខាំ គឺជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលឲ្យអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។នេះបើយោងតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត្រ។

តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកនៅឆ្នាំ២០១៧ នៅលើពិភពលោកជំងឺឆ្កែឆ្កួត ដែលបណ្តាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩០០០នាក់ក្នុងមួយឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ីនិងអាហ្រ្វិក។

ក) មូលហេតុ និងការចម្លង៖
– ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីសត្វមកមនុស្ស ដោយសារការខាំ (morsure), ខ្វាច (griffure), លិឍលើដំបៅឬរបួស (léchage) ដែល៩៩%តាមរយៈសត្វឆ្កែដែលមានផ្ទុកវីរុសឆ្កែឆ្កួត
– ការចម្លងវីរុសជំងឺឆ្កែឆ្កួតពីមនុស្សមកមនុស្សគឺជាករណីមួយកម្រមាន។ តែអាចឆ្លងពីម្តាយមកកូននៅ ពេលមានផ្ទៃពោះ។

ខ) រោគសញ្ញានិងការបង្ករោគ៖
១) ការបង្ករោគ (Période d’incubation)៖ ចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី៧ថ្ងៃរហូតដល់លើសពី១ឆ្នាំ។ តែជាមធ្យមប្រហែលពី១៥ថ្ងៃដល់៦០ថ្ងៃ។
២) រោគសញ្ញា (Symptômes)៖
– រោគសញ្ញាដំបូង (Période prodromique) មានរយៈពេលពី២ថ្ងៃទៅ១០ថ្ងៃ៖
• មានការឈឺចុកចាប់នៅកន្លែងខាំបែបរមាស់ ក្តៅ ឬស្ពឹក
• ជួនមានក្តៅខ្លួន ជួនអត់មានក្តៅខ្លួន
• អត់ឃ្លានចំណីអាហារ ចង្អោរ ក្អួត រាគ
• ឈឺក្បាល វិលមុខ តប់ប្រមល់ក្នុងខ្លួន ដេកមិនលក់ យល់សប្តិ វង្វេងៗ

– រោគសញ្ញាដំណាក់កាលបន្ទាប់មកទៀត (Période d’état) គឺជាដំណាក់កាលដែលរលាកខួរក្បាលនិងខួរឆ្អឹងខ្នងដែលមានរោគសញ្ញាដូចតទៅ៖
• អ្នកជំងឺគ្រប់គ្រងខ្លួនឯងលែងបាន
• អ្នកជំងឺនៅមិនស្ងៀមមានចលនារហូត (Hyperactivité)
• រោគសញ្ញាពិសេសរបស់ជំងឺឆ្កែឆ្កួតគឺ៖ ខ្លាចទឹក (hydrophobie) និងខ្លាចខ្យល់ (aérophobie)
• ចេញទឹកមាត់ច្រើន (Hypersalivation) ចេញញើសច្រើន ចេញនោមអត់ដឹងខ្លួន
• ពិបាកលេបចំណីអាហារ (Dysphagie)
• មានប្រកាច់ (convulsions) រហូតដល់សន្លប់(Coma)
• ការស្លាប់ជាមធ្យម៥ ថ្ងៃក្រោយពីចេញរោគសញ្ញាណាមួយខាងលើនេះ

គ) ការព្យាបាលក្រោយពីឆ្កែខាំ៖
– ក្រោយពីឆ្កែខាំភ្លាមត្រូវលាងសម្អាតមុខរបួសដោយទឹកនិងសាប៊ូយ៉ាងតិចបំផុតក៏១៥នាទីដែរ បន្ទាប់មកលាងសម្អាតជាមួយទឹកថ្នាំសម្លាប់មេរោគដូចជា អាល់កុល ឬអ៊ីយ៉ូត
– មិនត្រូវដេររបួសដែលឆ្កែខាំ
– ចាក់វ៉ាក់សាំងការពារតេតាណូស
– ព្យាបាលដោយថ្នាំផ្សះ (បើចាំបាច់)
– ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុង២៤ម៉ោងក្រោយពី ឆ្កែខាំឬប៉ះពាល់ជាមួយសត្វដែលយើងសង្ស័យថាមានផ្ទុកមេរោគឆ្កែឆ្កួត)
– ជួបប្រឹក្សាយោបល់ជាមួយវេជ្ជេបណ្ឌិតដែលនៅជិតអ្នក

ឃ) វិធានការការពារ៖
– ការការពារជំងឺឆ្កែឆ្កួតគឺផ្អែកលើការចាក់ថ្នាំបង្ការ
– ចាក់វ៉ាក់សាំងការពារប្រឆាំងវីរុសឆ្កែឆ្កូត ចំពោះសត្វដែលយើងចិញ្ចឹម(ឆ្កែ ឆ្មា ជាដើម)ឲ្យបានទៀងទាត់
– ចាក់វ៉ាក់សាំងការពារមុន ចំពោះអ្នកដែលមានហានិភ័យខ្ពស់ចំពោះជំងឺឆ្កែឆ្កួតដូចជា៖ពេទ្យសត្វ បុគ្គលិក មន្ទីរពិសោធន៏ឯកទេស អ្នករស់ជាមួយសត្វ
– ជៀសវាងកុំឲ្យឆ្កែ ឬ ឆ្មាខាំ ឬលិឍលើរបួសឬដំបៅ។
– ចាក់វ៉ាក់សាំងការពារក្រោយពីឆ្កែខាំ(Prophylaxie post-expositionnelle)។

ប្រសិនបើលោកអ្នកមានឆ្កែខាំ ឬ សត្វដែលចិញ្ចឹមកូនដោយទឹកដោះ ហើយស៊ីសាច់ជាអាហារខាំ សូមមកពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFDliNsNFlZFNNbs9Z0ShZcrXyCYzrsHw11obMDrybyQgJucC24iqmxwFjXq0KP1etCdZY1JLxD5PmMHYGZ9KdtiTMS3d4UHJowZ9ToJ9dflxIUOkzn56pvyPFieXhFambN-_KhV-XxLz2y3KWHZhgkSHe6-yUk8aQ2scURdmbTZzqY3YtKst8RIbW/s1280/photo_2023-02-07_00-52-03.jpg