ប្រទេសប៉ូឡូញ ៖ រដ្ឋមន្ត្រីក្រសួងកីឡាប៉ូឡូញបង្ហាញថា អាចមានប្រទេសចំនួន៤០ ធ្វើពហិការមិនចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីប្រឆាំងនឹងផែនការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC) ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួត ។
រដ្ឋមន្ត្រីក្រសួងកីឡា និងទេសចរណ៍ប៉ូឡូញ លោក Kamil Bortnissuk បានផ្តល់សម្ភាសន៍កាលពីថ្ងៃទី២ ខែកុម្ភៈថា លោកជឿថា ប្រទេសទាំង៤០ អាចបង្កើតសម្ព័ន្ធភាពរួមគ្នាជាមួយអង់គ្លេស អាមេរិក និងកាណាដា ដើម្បីសម្តែងការប្រឆាំងនឹងផែនការរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស មុនពេលគណៈកម្មាធិការនេះនឹងប្រជុំនៅថ្ងៃទី១០ ខែកុម្ភៈ ។ បើប្រទេសទាំងអស់រួមគ្នាប្រឆាំងនោះ ការប្រកួតកីឡានេះគ្មានអត្ថន័យទេ ។
កាលពីសប្តាហ៍មុន IOC បង្ហាញថា កំពុងរកវិធីអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួតកីឡាអូឡាំពិកនៅក្រុងប៉ារីសក្នុងនាមអព្យាក្រឹត ហើយមិនគួរមានកីឡាករណាម្នាក់ត្រូវហាមចូលរួមប្រកួត ដោយគ្រាន់តែពួកគេជាជនជាតិរុស្ស៊ី និងបេឡារុសទេ ។
ប៉ុន្តែរដ្ឋមន្ត្រីក្រសួងកីឡាប៉ូឡូញបានប្រកាសប្រឆាំងនឹងផែនការអនុញ្ញាតឱ្យកីឡាកររុស្ស៊ី និងបេឡារុសចូលរួមប្រកួត បើទោះក្នុងឋានៈជាអ្នកអព្យាក្រឹតក្តី ។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងកីឡាអ៊ុយក្រែន និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ក៏បានព្យាយាមបញ្ចុះបញ្ចូលតាំងពីខែមករាដែរ ដើម្បីឱ្យប្រទេសនានារួមគ្នាហាមឃាត់រុស្ស៊ីចូលរួមកីឡាអូឡាំពិកឆ្នាំ២០២៤ ។
ជាមួយគ្នានេះ អាមេរិកក៏បានគាំទ្រឱ្យអង្គការកីឡាអន្តរជាតិព្យួរសមាជិកភាពស្ថាប័នកីឡារបស់រុស្ស៊ី និងបេឡារុស ហើយបញ្ចុះបញ្ចូលឱ្យអង្គការនានាបញ្ឈប់ការផ្សាយព្រឹត្តិការណ៍កីឡាផ្សេងៗរបស់ប្រទេសទាំងពីរ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើពហិការនេះ ជាការរំលោភច្បាប់កីឡាអូឡាំពិក ដែលតម្រូវឱ្យគណៈកម្មការអូឡាំពិកជាតិនៃប្រទេសសមាជិកនីមួយៗត្រូវបញ្ជូនកីឡាករមកចូលរួមប្រកួត ហើយការធ្វើពហិការកន្លងមក មិនទទួលបានលទ្ធផលនយោបាយទេ និងក្លាយជាការដាក់ទោសកីឡាករទៅវិញ៕
ប្រភព ៖ Nation World News










