មិនតិចទេ ដែលមនុស្សស្រីស្អាតជាច្រើនបែរជានៅ Single យូរ គ្មានបុរសណាហ៊ានចូលមកធ្វើជាសង្សារជាមួយ។ ហេតុផលភាគច្រើន អាចមកពីអាកប្បកិរិយារបស់អ្នក ដែលធ្វើឲ្យគេមិនហ៊ានចូលមកជិត។

១. កំណត់ស្តង់ដាបុរសក្នុងចិត្តខ្ពស់ពេក
បុរសក្នុងលោកនេះ មិនអាចល្អគ្រប់១០ដូចបុរសក្នុងរឿងនិទាន ឬរឿងភាគកូរ៉េឡើយ។ អ្នកប្រហែលធ្លាប់លឺហើយពីចំណុចនេះ ព្រោះការដែលកំណត់ស្តង់ដាខ្ពស់ពេក ថ្ងៃណាមួយ អ្នកនឹងស្តាយក្រោយ ដោយសារមើលរំលងមនុស្សល្អដែលនៅជុំវិញអ្នក។

២. មានទំនុកចិត្តខ្ពស់ពេកលើសម្រស់របស់ខ្លួនឯង
បើអ្នកជឿជាក់ហួសហេតុថាខ្លួនឯងស្អាត ដូច្នេះមិនខ្វះទេ បុរសតាមសុំស្រលាញ់ ហើយមិនព្រមសម្លឹងមើលបុរសណាដែលមានចិត្តស្មោះក្បែរៗខ្លួនទេ ថ្ងៃណាមួយអ្នកនឹងត្រូវឈឺចាប់ខ្លួនឯងមិនខាន។ ថ្វីដ្បិតសម្រស់ជារឿងសំខាន់របស់មនុស្សស្រី តែក៏មិនគួរមានទំនុកចិត្តខ្ពស់ដល់ថ្នាក់នេះដែរ ព្រោះបុរសគេនឹងគិតថា អ្នកជាមនុស្សពិបាកចូលក្បែរណាស់។

៣. អត់ចេះមើលថែទាំខ្លួនឯង
បើគ្រាន់តែមើលថែទាំខ្លួនឯង ក៏អ្នកមិនចេះផង តើអ្នករំពឹងថានឹងមានបុរសជិះសេះសណា មកចាំជួយស្រោចស្រង់អ្នកនោះ? សូម្បីសក់ក្បាលក៏កន្រ្ទើង មុខប្រឡាក់ប្រឡូស បបូរមាត់ក៏ស្លេក គ្មានជាតិចូវ តើបុរសណាមកចាប់អារម្មណ៍លើអ្នក? ទោះបីមនុស្សប្រុសស្រលាញ់មនុស្សស្រីតុបតែងខ្លួនបែបធម្មជាតិក៏ដោយ តែក៏មិនដល់ថ្នាក់ធម្មជាតិហួសហេតុពេកដែរ។

៤. គ្មានភាពម្ចាស់ការលើខ្លួនឯង
បើអ្នកគ្រាន់តែព្យាយាមធ្វើពុត ឬសម្តែងអ្វីតាមតែអ្នកដទៃ ព្រោះចង់ឲ្យគេចាប់អារម្មណ៍ ថ្ងៃណាមួយអ្នកនឹងលែងមានអ្នកចាប់អារម្មណ៍យ៉ាងពិតប្រាកដ។ បុរស នឹងស្រលាញ់មនុស្សស្រីដែលមានបុគ្គលិកលក្ខណៈជារបស់ខ្លួនឯង មិនចូលចិត្តមនុស្សស្រីណាដែលធ្វើអ្វីគ្រាន់តែក្លែងក្លាយ ដើម្បីបន្លំភ្នែកគេនោះទេ។

៥. ចង់បានចំណាប់អារម្មណ៍ពីគេជ្រុល រហូតបាត់ទម្លាប់របស់ខ្លួនឯង
ដោយសារតែឃើញក្នុងរឿងភាគកូរ៉េ នៅពេលមនុស្សស្រីញ៉ាំការ៉េមសូកូឡាប្រឡាក់មាត់ ហើយតួប្រុសជួយជូតបបូរមាត់ឲ្យ ធ្វើឲ្យអ្នកចង់បានគេ Take care បែបនេះដែរ។ តាមពិតនោះមិនមែនជាទម្លាប់របស់អ្នក ដែលញ៉ាំអ្វីប្រឡាក់ពេញមាត់នោះទេ តែដោយសារគិតខុសមួយពេល ក៏ធ្វើបែបនេះ។ ទង្វើនេះ មិនបង្ហាញពីភាពគួរឲ្យស្រលាញ់នោះទេ ព្រោះមនុស្សប្រុសនឹងគិតថា អ្នកធំហើយនៅមិនចេះមានរបៀបញ៉ាំឲ្យសមទំនងទៀត៕