ប្រទេសថៃ ៖ យើងមកស្គាល់ពី Zero Waste Piccolo ជាកែវកាហ្វេអាចទទួលទានបាន ដោយវាជួយកាត់បន្ថយសំរាម និងជាកែវកាហ្វេស្រឡាញ់ពិភពលោក និងធម្មជាតិ ។ វាជាគំនិតច្នៃប្រឌិតរបស់លោក Tanawut Ritchuay ម្ចាស់ហាងកាហ្វេ The 5th Element ស្ថិតក្នុងខេត្តភូកេត ។
គំនិតស្រឡាញ់ពិភពលោកកំពុងតែមានការចាប់អារម្មណ៍ច្រើន ដោយសារទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ធ្វើឱ្យមនុស្សភាគច្រើនចាប់ផ្តើមភ័យខ្លាច និងងាកមកយកចិត្តទុកដាក់លើបរិស្ថានកាន់តែច្រើន ។ លោក Tanawut Ritchuay ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកផ្តល់ភាពសំខាន់លើបរិស្ថាន ហើយលោកចង់ក្លាយជាចំណែកមួយជួយដល់ធម្មជាតិ និងពិភពលោកឱ្យកាន់តែចង់រស់នៅ ។
ហេតុនេះ លោកបានបង្កើតគំនិតច្នៃប្រឌិតមួយដោយការបញ្ចេញកែវកាហ្វេមិនដូចកែវទូទៅ ខណៈអតិថិជនអាចទទួលទានឆ្អែត និងឆ្ងាញ់ជាមួយរសជាតិប្លែកហើយនោះ ពួកគេក៏បានចូលរួមថែរក្សាបរិស្ថានផងដែរ ។
កែវកាហ្វេនេះផលិតមកពីគ្រាប់ធញ្ញជាតិផ្សំជាមួយសូកូឡា អតិថិជនអាចផឹកកាហ្វេ និងទទួលទានកែវនេះបាន ដែលវាជួយបន្ថែមរសជាតិពិសេសដល់កាហ្វេស្របតាមចំណូលចិត្តរបស់អតិថិជន ។ វាជាបទពិសោធន៍ថ្មី ប្លែក មិនដូចហាងផ្សេងៗ ព្រមទាំងជួយកាត់បន្ថយសំរាមផងដែរ ។
លោក Tanawut Ritchuay និយាយថា វាជាភេសជ្ជៈល្អសម្រាប់ពិភពលោក មិនចាំបាច់ប្រើកែវផ្លាស្ទិក គ្មានសំរាមក្រោយទទួលទាន និងល្អសម្រាប់សុខភាព ។ ក្រៅពីនេះ ហាងរបស់លោកនឹងយកប្រាក់ចំណូលមួយផ្នែកទៅបរិច្ចាគដល់អង្គការថែរក្សាកាកសំណល់ក្នុងសមុទ្រ ខេត្តភូកេត ៕
ប្រភព ៖ Top News










