ប្រទេសរុស្ស៊ី ៖ អ្នកស៊ើបការណ៍កំពូលម្នាក់របស់ប្រទេសរុស្ស៊ីទស្សន៍ទាយថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងទទួលបរាជ័យ ហើយចុះចាញ់រុស្ស៊ី បើទោះជា ណាតូប្រគល់អាវុធផ្សេងៗឱ្យអ៊ុយក្រែនក្នុងទឹកប្រាក់ជាច្រើនលានដុល្លារអាមេរិកក្តី ។
លោក Sergei Narichkin នាយកផ្នែកស៊ើបការណ៍បរទេសរបស់រុស្ស៊ី និងជាបុគ្គលម្នាក់ស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថា ណាតូជាអ្នកមានចំណែកច្រើនក្នុងជម្លោះនេះ ដោយការបញ្ជូនអាវុធទំនើបឱ្យអ៊ុយក្រែន ព្រោះណាតូសុបិនថា នឹងយកឈ្នះរុស្ស៊ី ប៉ុន្តែក្តីសុបិននេះគ្មានផ្លូវកើតឡើងទេ ។
ក្រៅពីនេះ លោក Narichkin បានរិះគន់អាមេរិកដែលសន្យាជួយអ៊ុយក្រែនជាបន្តបន្ទាប់ ហើយថា អាមេរិក និងប្រទេសជាមិត្តប្តេជ្ញាធ្វើសង្គ្រាមជាមួយរុស្ស៊ី ។ ពាក្យរិះគន់របស់លោក Narichkin បន្ទាប់ពីអាមេរិកសន្យាជួយផ្នែកកងទ័ពដល់អ៊ុយក្រែនក្នុងទឹកប្រាក់២.០០០លានដុល្លារអាមេរិក ក្នុងនោះមានអាវុធ និងរ៉ុក្កែតបាញ់បានចម្ងាយឆ្ងាយ១៥០គីឡូម៉ែត្រផងដែរ ។
មុននេះ អាមេរិកស្ទាក់ស្ទើរក្នុងការបញ្ជូនរ៉ុក្កែតបាញ់បានចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន ព្រោះខ្លាចថា អ៊ុយក្រែននឹងប្រើប្រាស់គ្រាប់រ៉ុក្កែតនេះទម្លាក់លើទឹកដីរុស្ស៊ី ដែលអាចធ្វើឱ្យរុស្ស៊ី និងណាតូប្រឈមមុខគ្នាដោយផ្ទាល់ ។
ទោះយ៉ាងណា ក្រោយពីអាមេរិកសន្យាផ្តល់អាវុធបន្ថែមឱ្យអ៊ុយក្រែននោះ អាល្លឺម៉ង់ និងប្រទេសជាច្រើននៅអឺរ៉ុបបានសម្រេចចិត្តបញ្ជូនរថក្រោះជាច្រើនគ្រឿងឱ្យអ៊ុយក្រែនផងដែរ បណ្តាលឱ្យមន្ត្រីរុស្ស៊ីជាច្រើនរូប រួមទាំងលោក Sergei Lavrov រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី និងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ចោទប្រកាន់ថា ប្រទេសជាសមាជិកណាតូធ្វើឱ្យសង្គ្រាមកាន់តែក្តៅឡើង ។ ផ្ទុយពីនេះ អ៊ុយក្រែន និងប្រទេសលោកខាងលិចបញ្ជាក់ថា ការបញ្ជូនអាវុធគឺជារឿងសំខាន់ ព្រោះអាចជួយអ៊ុយក្រែនអាចទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបានយ៉ាងល្អ ៕
ប្រភព ៖ TNN World










