ប្រទេសជប៉ុន ៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដនៅជប៉ុនបានកើនឡើងជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២២ ។ គ្រូពេទ្យជប៉ុននិយាយថា អ្នកស្លាប់ដោយសារកូវីដលើកចុងក្រោយនេះ ភាគច្រើនជាមនុស្សចាស់ ដោយសាររាងកាយចុះខ្សោយ ព្រមទាំងមានជំងឺប្រចាំកាយ ហើយមនុស្សចាស់ងាយឆ្លងអូមីក្រុង ។
មុននេះ ជប៉ុនស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារកូវីដតិចបំផុតក្នុងពិភពលោក ប៉ុន្តែចាប់ពីចុងឆ្នាំ២០២២មក ចំនួនអ្នកស្លាប់ក៏បានកើនឡើងជាបន្តបន្ទាប់ ហើយថ្ងៃដែលមានអ្នកស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ គឺថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លើសចំនួនអ្នកស្លាប់នៅអង់គ្លេស អាមេរិក និងកូរ៉េខាងត្បូង ។
តាំងពីឆ្នាំ២០២០ ជប៉ុនបានបិទប្រទេសហាមភ្ញៀវទេសចរទាំងអស់មកប្រទេសរបស់ខ្លួន រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ ។ ជប៉ុនមានផែនការបើកប្រទេសបន្តិចម្តងៗ ហើយនៅពេលបើកប្រទេសដំបូង ភ្ញៀវទេសចរត្រូវតែធ្វើដំណើរជាមួយក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះ រួមទាំងមានធានារ៉ាប់រងសុខភាព និងពាក់ម៉ាស់នៅទីសាធារណៈគ្រប់ពេល ខណៈនៅតាមសាលារៀន ក្មេងៗត្រូវញ៉ាំបាយដោយស្ងាត់ស្ងៀមអស់រយៈពេល២ឆ្នាំ ដោយមិនឱ្យកូនសិស្សជជែកគ្នាក្នុងពេលញ៉ាំអាហារថ្ងៃត្រង់ ។
អ្នកជំនាញសុខាភិបាលជប៉ុនប្រាប់សារព័ត៌មាន BBC ថា ដោយសារលក្ខខណ្ឌផ្សេងៗនៃជំងឺកូវីដត្រូវបានបន្ធូរបន្ថយ ទើបធ្វើឱ្យមានអ្នកឆ្លងកូវីដខ្ពស់ ។ អ្នកស្លាប់ដោយសារជំងឺកូវីដពូជថ្មីនេះ ភាគច្រើនជាមនុស្សចាស់មានជំងឺប្រចាំកាយ ខុសគ្នាពីចំនួនអ្នកស្លាប់នៅពេលដំបូង គឺពួកគេស្លាប់ដោយសាររលាកសួត និងត្រូវព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ។
លោក Hitoshi Oshitani អ្នកវិទ្យាសាស្ត្រមានកេរ្តិ៍ឈ្មោះល្បីម្នាក់និយាយថា គេពិបាកការពារការស្លាប់ដោយសារជំងឺកូវីដរបស់មនុស្សចាស់ណាស់ ដោយសារកូវីដពូជថ្មីអាចគេចពីភាពស៊ាំបានល្អជាងមុន ហើយបន្ទាប់ពីមានការរាតត្បាតរបស់អូមីក្រុង មានចំនួនអ្នកស្លាប់នៅទូទាំងប្រទេស ។
ទោះយ៉ាងណា អ្នកជំនាញណែនាំថា បើមនុស្សចាស់ទទួលបានការព្យាបាលយ៉ាងឆាប់រហ័ស នឹងអាចជួយការពារមិនឱ្យស្លាប់បាន ។ អ្នកជំនាញបានអំពាវនាវឱ្យរដ្ឋាភិបាលបន្ថយចំណាត់ថ្នាក់កូវីដពី «កម្រិត២ ៖ ជំងឺមានគ្រោះថ្នាក់ខ្លាំង» ចុះមកកម្រិតទាបវិញ ដើម្បីបើកឱកាសឱ្យគ្លីនិក ឬមន្ទីរពេទ្យឯកជនអាចព្យាបាលអ្នកជំងឺបាន ខណៈកាលពីមុន គេចាត់ចំណាត់ថ្នាក់កូវីតស្ថិតក្នុង «កម្រិត២» កំណត់ឱ្យអ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យរដ្ឋតែប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រកាសកាលពីដើមខែកុម្ភៈថា នឹងបន្ថយចំណាត់ថ្នាក់ជំងឺកូវីដតាមការស្នើសុំ ប៉ុន្តែនឹងអនុវត្តនៅថ្ងៃទី៨ ខែឧសភា ឬ៣ខែទៀត ៕
ប្រភព ៖ The Standard










