បើទោះជាបច្ចុប្បន្ននេះ ជាសម័យថ្មី យើងកំពុងតែឈានពីការប្រើរថយន្តចាក់ប្រេង ទៅប្រើរថយន្តអគ្គិសនី ដើម្បីកាន់តែមានភាពជិតស្និទ្ធនឹងបរិស្ថានខ្លាំងក្តី ប៉ុន្តែយើងមិនបានគិតពីសម្បកកង់រថយន្ត ដែលនៅតែជាធាតុផ្សំសំខាន់ទេ ។

តើដឹងឬទេថា សម្បកកង់រថយន្តដែលយើងប្រើប្រាស់មកដល់សព្វថ្ងៃនេះ មិនអាចរលាយដោយខ្លួនវាតាមធម្មជាតិបានទេ បើទោះជាឈ្មោះរបស់វាប្រាប់ថា ផលិតពីកៅស៊ូ ប៉ុន្តែការពិត ធាតុផ្សំរបស់ជ័រកៅស៊ូមានមិនលើសពី៣០% ។ ធាតុផ្សំភាគច្រើនមកពីសារធាតុគីមី ហើយវិធីកម្ចាត់មានតែការដុតចោល ហេតុនេះ វាមិនបានផ្តល់លទ្ធផលល្អដល់បរិយាកាសទេ ។

ក្នុងគោលបំណងកាត់បន្ថយការប៉ះពាល់បរិស្ថាន អ្នកផលិតសម្បកកង់រថយន្តខ្នាតធំ គឺ Goodyear មានគោលដៅសាកល្បងផលិតសម្បកកង់រថយន្តពីវត្ថុធាតុដើមប្រកបដោយនិរន្តរភាព១០០% នៅក្នុងឆ្នាំ២០៣០ ។ គោលដៅនេះកំពុងតែដំណើរការទៅល្អ ពីព្រោះក្នុងព្រឹត្តិការណ៍ Consumer Electronics Show (CES) ឆ្នាំ២០២៣នេះ ក្រុមហ៊ុន Goodyear បានបង្ហាញសម្បកកង់គំរូផលិតពីវត្ថុធាតុដើមមាននិរន្តរភាព៩០% ខណៈឆ្នាំ២០២២ ក៏មានព្រឹត្តិការណ៍បង្ហាញសម្បកកង់ប្រភេទនេះដូចគ្នាដែរ ។

ពិតណាស់ មុនទទួលបានគំរូសម្បកកង់រថយន្តនេះ ត្រូវឆ្លងកាត់ការសាកល្បងជាច្រើន ដោយ Goodyear បានសាកល្បងវាជាមួយក្រុមដឹកជញ្ជូនរួចហើយ និងទទួលបានការគាំទ្រផងដែរ មានន័យថា សម្បកកង់នេះត្រូវបានគេអនុន័តឱ្យប្រើប្រាស់នៅលើផ្លូវថ្នល់ ហើយអ្វីត្រូវធ្វើពេលនេះ គឺត្រូវរកវត្ថុធាតុដើមឱ្យបានគ្រប់គ្រាន់ដើម្បីផលិតសម្បកកង់រថយន្តសម្រាប់បើកបរនៅលើផ្លូវនានាយ៉ាងមានសេរីភាព ។

ចំពោះវត្ថុធាតុដើមមាននិរន្តរភាពនេះ គឺបានមកពីប្រេងសណ្តែកសៀង ។ ចំពោះគុណសម្បត្តិរបស់សម្បកកង់រថយន្តនេះ Goodyear និយាយថា វាអាចធន់នឹងការរំកិតផ្សេងៗ គឺវាអាចប្រើប្រាស់បានយូរអង្វែង ព្រមទាំងកាត់បន្ថយការបញ្ចេញកាបូនផងដែរ ។

បើទោះជាវាអាចរត់នៅលើផ្លូវបានដូចគ្នានឹងសម្បកកង់ផ្សេងទៀត ប៉ុន្តែកុំភ្លេចថា សម្បកកង់នៅលើលោកនេះមានគុណសម្បត្តិខុសៗគ្នា ហើយយើងត្រូវជ្រើសរើសសម្បកកង់ណាល្អ មានសុវត្ថិភាពក្នុងពេលបើកបរ បើទោះជាសម្បកកង់របស់ Goodyear មានការទទួលស្គាល់ពីខាងដឹកជញ្ជូនក្តី ក៏ត្រូវការពិសោធន៍បន្តទៀតថា តើវាអាចប្រើធន់ជាមួយផ្លូវបានល្អដូចការលើកឡើងឬទេ ៕Goodyear Shows Off Sustainable Tires at CES 2023

ប្រភព ៖ Spring News