ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងសម្លឹងឃើញថា សកម្មភាពរបស់អាមេរិកជាការគំរាមកំហែងដល់ឧបទ្វីបកូរ៉េ និងជំរុញឱ្យស្ថានការណ៍ចូលក្នុងបន្ទាត់ក្រហម បន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបង្ហាញពីសក្តានុពលរបស់អាមេរិក និងការពារការគំរាមពីនុយក្លេអ៊ែរ ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបង្ហាញរូបភាពការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ រួមមាន យន្តហោះចម្បាំងរបស់កងទ័ពអាមេរិក និងកូរ៉េខាងត្បូង គ្រាប់បែកធុនធ្ងន់ B-1B, យន្តហោះចម្បាំង Stealth F-22 និងយន្តហោះចម្បាំង F-35A និង F-35 B របស់អាមេរិកហោះហើរនៅលើមេឃ ប៉ុន្តែមិនបានបញ្ជាក់ថា មានចំនួនប៉ុន្មានទេ ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា ការធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នានេះ ដើម្បីបង្ហាញពីសក្តានុពលដ៏ខ្លាំងក្លារបស់អាមេរិក និងទប់ស្កាត់ការគំរាមពីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ។
KCNA របស់កូរ៉េខាងជើងរាយការណ៍ថា តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃទី២ ខែកុម្ភៈ ថា ការធ្វើសមយុទ្ធរួមគ្នារបស់ប្រទេសទាំងពីរនេះ បានជំរុញឱ្យស្ថានការណ៍ចូលក្នុងបន្ទាត់ក្រហម និងគំរាមកំហែងមហាសមុទ្រកូរ៉េ ធ្វើឱ្យមហាសមុទ្រនេះក្លាយជាកន្លែងសង្គ្រាមដ៏ធំ និងកាន់តែធ្ងន់ធ្ងរ ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងថា ស្ថានភាពយោធា និងនយោបាយនៅមហាសមុទ្រកូរ៉េនេះបានចូលដល់បន្ទាត់ក្រហមហើយ ដោយសារការធ្វើសមយុទ្ធយោធាប្រឈមមុខដាក់គ្នាខ្វះការពិចារណារបស់អាមេរិក ។ ប្រទេសកូរ៉េខាងជើងមិនចាប់អារម្មណ៍ការចរចាគ្នាទេ ដរាបណាអាមេរិកនៅតែប្រើនយោបាយបែបនេះ ។
គួរបញ្ជាក់ថា កងទ័ពអាមេរិកចំនួន២.៨៥០០នាក់បានប្រចាំការនៅកូរ៉េខាងត្បូង តាំងពីសង្គ្រាមកូរ៉េខាងបញ្ចប់នៅឆ្នាំ១៩៥០-១៩៥៣ សង្គ្រាមកូរ៉េបានបញ្ចប់ដោយកិច្ចព្រមព្រៀងឈប់បាញ់គ្នា ។ កាលពីឆ្នាំ២០២២ កូរ៉េខាងជើងបានសាកល្បងបាញ់មីស៊ីលផ្លោងជាច្រើនដែលមិនធ្លាប់មានពីមុនមក និងសាកល្បងអាវុធនុយក្លេអ៊ែរ បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧ ។
មុននេះ ទីស្នាក់ការអង្គការសហប្រជាជាតិ (United Nation Command) បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសកូរ៉េខាងពីររំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្នុងបរិវេណព្រំដែន ដោយបានបញ្ជូនដ្រូនរំលោភលើដែនអាកាសរបស់ភាគីម្ខាងទៀតកាលពីខែធ្នូ ឆ្នាំ២០២២ ។ ប៉ុន្តែករណីកូរ៉េខាងត្បូងបាញ់ដ្រូនរបស់កូរ៉េខាងជើងដែលហោះចូលដែនអាកាសកូរ៉េខាងត្បូងនោះ មិនចាត់ទុកថា រំលោភកិច្ចព្រមព្រៀងទេ ៕
ប្រភព ៖ TNN Online










