សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានត្រៀមពិភាក្សាជាមួយមេដឹកនាំប្រទេសអ៊ុយក្រែន លោក Volodymy Zelensky អំពីការជួយសង្គ្រោះផ្នែកអាវុធមានប្រសិទ្ធភាពដើម្បីទប់ទប់ជាមួយកងទ័ពរុស្ស៊ី បន្ទាប់ពីអាមេរិកមិនបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងកាលពីថ្ងៃ៣១ ខែមករាថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky អំពីការស្នើសុំអាវុធទំនើបដើម្បីទប់ទប់ជាមួយកងទ័ពរុស្ស៊ី ។ លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា ៖ «យើងនឹងជជែកគ្នា ខណៈពេលមុននេះ លោកបានបដិសេធការបញ្ជូនយន្តហោះចម្បាំង F-16 ឱ្យអ៊ុយក្រែន» ។
អាមេរិកជាប្រទេសឧបត្ថម្ភអាវុធដ៏ធំបំផុតរបស់អ៊ុយក្រែន ខណៈជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ជិតគ្រប់១ឆ្នាំ ។ ចំណែកប្រទេសលោកខាងលិចផ្សេងទៀត ក៏បានបញ្ជូនអាវុធគ្រប់ប្រភេទ រថពាសដែក និងកាំភ្លើងធំឱ្យអ៊ុយក្រែនផងដែរ ។
ទោះយ៉ាងណា ខណៈរុស្ស៊ីគ្មានសញ្ញាបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ក៏បានប្រកាសសុំការឧបត្ថម្ភអាវុធមានប្រសិទ្ធភាព និងកម្លាំងខ្លាំងពីប្រទេសលោកខាងលិច ហើយអាមេរិក និងអាល្លឺម៉ង់ ក៏យល់ព្រមបញ្ជូនរថក្រោះជួយអ៊ុយក្រែន តាមពីក្រោយអង់គ្លេស ។ បច្ចុប្បន្ន អ៊ុយក្រែនកំពុងតែដាក់សម្ពាធលើប្រទេសលោកខាងលិចឱ្យបញ្ជូនយន្តហោះចម្បាំង និងមីស៊ីលបាញ់ចម្ងាយឆ្ងាយ ដែលអាចវាយលុកគោលដៅរបស់រុស្ស៊ី ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានថ្លែងកាលពីថ្ងៃទី៣១ ខែមករាថា អ៊ុយក្រែននឹងទទួលបានរថក្រោះពី១២០ ទៅ១៤០គ្រឿងក្នុងការបញ្ជូនលើកដំបូងពី១២ប្រទេស ។ នៅខែមករា ប្រទេសលោកខាងលិចសន្យាជាមួយអ៊ុយក្រែនថា នឹងបញ្ជូនរថក្រោះដើម្បីការពារការវាយលុកពីរុស្ស៊ី ខណៈរុស្ស៊ីបានព្យាយាមវាយលុកឆ្ពោះទៅទិសខាងកើតរបស់អ៊ុយក្រែនកាន់តែខ្លាំង ៕
ប្រភព ៖ TNN World










