ប្រទេសអ៊ុយក្រែន ៖ ប្រទេសអ៊ុយក្រែនប្រកាសថា នឹងធ្វើពហិការកីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង បើកីឡាកររុស្ស៊ីចូលរួមប្រកួតដែរ ។ អ៊ុយក្រែននិយាយថា បើរុស្ស៊ីចូលរួម គឺស្មើនឹងការយល់ព្រមទទួលការកាប់សម្លាប់ក្នុងសង្គ្រាម ។

បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ International Olympic Committee (IOC) បង្ហាញថា កំពុងពិចារណាយល់ព្រមឱ្យកីឡាកររុស្ស៊ីចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នៅក្រុងប៉ារីស ធ្វើឱ្យប្រធានាធិបតីអ៊ុយក្រែន លោក Volodymy Zelensky ចេញមកជំទាស់ថា បើឱ្យប្រទេសរុស្ស៊ីចូលរួម គឺស្មើការព្រមទទួលការបង្កគ្រោះថ្នាក់ និងយល់ព្រមឱ្យរុស្ស៊ីប្រើជាឧបករណ៍ផ្សព្វផ្សាយ ។ លោកប្រធានាធិបតីអ៊ុយក្រែនថា នឹងយករឿងនេះទៅពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ប៉ុន្តែបើរុស្ស៊ីចូលរួមប្រកួតមែននោះ អ៊ុយក្រែននឹងធ្វើពហិការមិនចូលរួមកីឡាអូឡាំពិកនេះទេ បើទោះជា IOC កំណត់ឱ្យកីឡាកររុស្ស៊ីប្រកួតក្នុងឋានៈកណ្តាលក្តី ព្រោះកីឡាករអ៊ុយក្រែនកំពុងពលីជីវិតក្នុងវិបត្តិ ។IOC clears path for Russian and Belarusian athletes to participate in  upcoming Olympic Games | CNN

មុននេះ មេដឹកនាំអ៊ុយក្រែនបង្ហើបថា លោកបានអញ្ជើញលោក ថូម៉ាស បាច (Thomas Bach) ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ធ្វើដំណើរមកកាន់ប្រទេសអ៊ុយក្រែនផងដែរ ដើម្បីមើលឃើញទិដ្ឋភាពដ៏សាហាវឃោឃៅនៃសង្គ្រាមដោយខ្លួនឯង ។

លោក Michaelo Podolac ទីប្រឹក្សាមេដឹកនាំអ៊ុយក្រែន បានផ្ញើសារតាមប្រព័ន្ធអនឡាញស្តីបន្ទោសគណៈកម្មាធិការអូឡាំពិកអន្តរជាតិថា ជាអ្នកផ្សព្វផ្សាយសង្គ្រាម ឧក្រិដ្ឋកម្ម និងបំផ្លិចបំផ្លាញ ព្រោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិដឹងហើយថា រុស្ស៊ីបានបំផ្លាញអ៊ុយក្រែន ប៉ុន្តែនៅតែស្នើឱ្យរុស្ស៊ីប្រើបណ្តាញផ្សព្វផ្សាយពីការប្រល័យពូជសាសន៍ និងកាប់សម្លាប់ ហើយលោកក៏បានចោទប្រកាន់ដែរថា ថវិការបស់រុស្ស៊ីអាចទិញអូឡាំពិកក្លែងក្លាយ ។Ukraine eyes bid for Olympic Games with 2030 viewed as likeliest option

ចំណែកគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកហេតុផលថា កីឡាករគ្រប់រូបមិនគួរដកចេញពីការប្រកួតដោយសារតែសញ្ជាតិរបស់ពួកគេទេ ខណៈក្រុមប្រឹក្សាអូឡាំពិកអាស៊ីទើបស្នើឱ្យរុស្ស៊ីចូលរួមប្រកួតកីឡាអាស៊ីនៅឆ្នាំ២០២៣នេះ ដែលនឹងរៀបចំឡើងនៅក្រុងហាំងចូវ ប្រទេសចិន នៅខែកញ្ញាខាងមុខ ៕

ប្រភព ៖ TNN World