ក្នុងមួយឆ្នាំៗ សំរាមផ្លាស្ទិកក្នុងសមុទ្រជាច្រើនលានដុំបានអណ្តែតគ្មានគោលដៅ ដោយសារការប្រើប្រាស់ផ្លាស្ទិកគ្មានការទទួលខុសត្រូវរបស់មនុស្ស ។ ផ្លាស្ទិកភាគច្រើនមកពីដីគោក ហើយការដោះស្រាយរឿងនេះ គឺកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកឱ្យបានច្រើនបំផុត ។

ហាងអាហារ Fast food ជាទីកន្លែងផលិតសំរាមផ្លាស្ទិកចំនួនច្រើនក្នុងមួយថ្ងៃៗ ដោយសារវាស្រួលប្រើប្រាស់ ហើយបំពេញតម្រូវការបរិភោគរហ័ស ប៉ុន្តែលទ្ធផល គឺមានសំរាមផ្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ។ ហាងធំៗបានចាប់ផ្តើមកែតម្រូវ ដូចជា Starbucks, Tim Hortons និង Tesco Lotus បានប្រកាសហាមឃាត់ប្រើផ្លាស្ទិក ហើយក្លាយជាច្បាប់សម្រាប់ប្រទេសជាច្រើនចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៣ នេះ ។

McDonald’s ក៏បានសហការកាត់បន្ថយសំរាមផ្លាស្ទិកដែរ ដោយប្រកាសសាកល្បងការប្រើគំរបជ័របែបទាញចេញ ហើយផឹកតែម្តង ដោយមិនត្រូវការប្រើទុយោបឺតភេសជ្ជៈបន្តទៀតទេនៅតាមហាងនៅអាមេរិក ។ តាមទិន្នន័យពី CNN Business ឱ្យដឹងថា នយោបាយនេះស្រដៀងគ្នានឹងគំរបជ័រដែល Starbucks ប្រើកាលពីឆ្នាំ២០២០ ព្រោះគេវាយតម្លៃថា ការប្រើគំរបជ័របែបទាញចេញនេះធ្វើឱ្យអ្នកបរិភោគ ឬអតិថិជនប្រើប្រាស់ទុយោកាន់តែតិចក្នុងមួយឆ្នាំៗ ។

បច្ចុប្បន្ន ពិភពលោកកំពុងព្យាយាមធ្វើឱ្យការរស់នៅកាន់តែល្អប្រសើរ ដោយប្រទេសជាច្រើនបានកាត់បន្ថយការប្រើផ្លាស្ទិកតែម្តងបោះចោល ខណៈវាពិបាករលាយក្នុងដី ។ ការបំពុលដោយកាកសំណល់ប្លាស្ទិកចាប់ផ្តើមកើនឡើងខ្លាំង ក្នុងប៉ុន្មានឆ្នាំមកនេះ មានច្បាប់ហាមឃាត់ការប្រើផ្លាស្ទិកតែម្តងបោះចោលតាមហាងអាហារនានា ដូចជា នៅឆ្នាំ២០២០ ប្រទេសអង់គ្លេសបានកាត់បន្ថយការប្រើទុយោផ្លាស្ទិក ហើយកាលពីដើមឆ្នាំ២០២៣ បារាំងក៏បានប្រកាសហាមប្រើផ្លាស្ទិកតែម្តងបោះចោលក្នុងហាងអាហារផងដែរ ។ លើសពីនេះ ប្រទេសជាច្រើនក៏រកវិធីកាត់បន្ថយការប្រើផ្លាស្ទិកដូចគ្នា ដូចជា ហាង Tim Hortons ក៏ចាប់ផ្តើមសាកល្បងប្រើគំរប ស្លាបព្រា និងសមធ្វើពីឈើ ដើម្បីងាយស្រួលរលាយ ។

Restaurant Business Online បង្ហាញថា គំរបថ្មីនេះជាវិធីចម្បងដើម្បីកាត់បន្ថយសំរាមផ្លាស្ទិករបស់ McDonald’s ។ McDonald’s ថា គំរបទាំងនេះនឹងជួយបំពេញប្រសិទ្ធភាពការវេចខ្ចប់ កាត់បន្ថយការប្រើផ្លាស្ទិកទំហំតូច ហើយនេះគ្រាន់តែជាឧទាហរណ៍មួយក្នុងដំណោះស្រាយជាច្រើន ។ វាជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីកាត់បន្ថយសំរាមក្នុងភោជនីយដ្ឋាន ។

មុននេះ McDonald’s បានសាកល្បងហាមប្រើទុយោបឺតនៅប្រទេសចិនចំនួន១.០០០កន្លែង ហើយក្រុមហ៊ុនថា វាអាចកាត់បន្ថយកាកសំណល់ផ្លាស្ទិកដល់៤០០តោន ។ ទោះយ៉ាងណា នៅមិនទាន់ច្បាស់ទេថា McDonald’s តាំងចិត្តកម្ចាត់ទុយោផ្លាស្ទិកឬអត់ បើទោះជាមានគំរបមិនត្រូវការទុយោក្តី ប៉ុន្តែពួកគេនៅតែផ្តល់ទុយោបឺតឱ្យអតិថិជនដដែល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_rViBFEaNajY3y3N8blr1u6TE13GBJlD4_DezbXRD6qgEVg1d3UAU36xzbugi26dvQ-gJ5SO3ir9B1ZUhuyzeU5BVLwuwAUMG39BNW5SvWk_tgFV2WwLfepj_XwY3swG5Yv7IlK-8Xy9oz2eh0-euCMSkzXVaAeASR9QUrqiPbFf86l83jz8yuKNM/s800/photo_2023-01-31_15-51-56.jpg

ប្រភព ៖ springnews