តាម​ការ​គូស​បញ្ជាក់​របស់​រដ្ឋបាល​ខេត្ត​បាត់ដំបង គម្រោង​​ស្តារ​ឡើង​វិញ​ព្រលានយន្តហោះ​វាល​បែកចាន​ខេត្ត​បាត់ដំបង នឹងត្រូវ​​​អភិវឌ្ឍ​លើកកម្រិត​ទៅជា​ខ្នាត​អន្តរជាតិ។

លោក​អភិបាល​ខេត្តបាត់ដំបង លោក សុខ លូ បាន​បញ្ជាក់​ថា “យើងនៅ​មិនទាន់កំណត់ពេលវេលាជាក់លាក់នឹង​បើកការដ្ឋាននៅ​​ពេល​ណា​ទេ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​សម្តេចតេជោ ហ៊ុន សែន បាន​ឯកភាព​ឱ្យ​មាន​ការ​សិក្សា​ប្រែក្លាយ​ព្រលានយន្តហោះ​ខេត្ត​បាត់ដំបង​ជាព្រលានយន្តហោះថ្នាក់ ៤C ប្រហាក់ប្រហែល​នឹង​ព្រលាន​យន្តហោះ​របស់ខេត្តសៀមរាបបច្ចុប្បន្ន”។ តាមពិតទៅគម្រោង​សិក្សា​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​បាត់ដំបង ត្រូវចាប់ផ្តើមយូរមកហើយ ក៏ប៉ុន្តែដោយមានការ​រាំង​ស្ទះ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ។

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះខេត្តបាត់ដំបង (ព្រលានយន្តហោះវាលបែកចាន) ត្រូវបាន​ស្ថាបនា​ឡើង​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ លើទំហំដីជិត​១ ម៉ឺន​ហិកតា ធំ​ជាង​ព្រលាន​យន្តហោះ​ភ្នំពេញ​​ថ្មី​ដែល​​កំពុង​សាងសង់​ជិត ៣ ដង ហើយ​ដែល​បានដាក់ឲ្យ​ដំណើរការនៅឆ្នាំ១៩៦៨ ដោយ​មាន​ជើង​ហោះហើរ​ទៅមករវាងភ្នំពេញនិងបាត់ដំបង។

យ៉ាងណាមិញ ដោយសារ​សង្គ្រាម​កាលអំឡុងឆ្នាំ​១៩៧០ ពិសេសក្នុងរបបប៉ុលពតរវាងឆ្នាំ​១៩៧៥​ ដល់​ឆ្នាំ​១៩៧៩ ព្រលានយន្តហោះ​នេះបានផ្អាកដំណើរការស្ទើរតែទាំងស្រុង​តែ​ម្តង​៕May be an image of 1 person and textNo photo description available.រូបភាព៖ Property Area