ប្រទេសជប៉ុន ៖ ការផ្តល់ភាពសំខាន់នៃតំបន់អាស៊ីអាគ្នេយ៍បានអភិវឌ្ឍន៍រីកចម្រើន ដែលធ្វើឱ្យគម្រោងថ្មីៗវិនិយោគដោយជប៉ុន ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្តង់ដារ សុខភាព សេដ្ឋកិច្ចឌីជីថល ការលើកកម្ពស់ហិរញ្ញវត្ថុ និងការវិនិយោគផ្អែកលើគំនិតផ្តួចផ្តើមការផ្លាស់ប្តូរថាមពលអាស៊ី ក្នុងគោលបំណងសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងអព្យាក្រឹតនៅអាស៊ី ។
ជប៉ុនជាអ្នកគាំទ្រដ៏សំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃតំបន់អាស៊ីអាគ្នេយ៍ តាំងពីសម័យសង្គ្រាមត្រជាក់ មិនថាស្ពាន Nhat Tan នៅប្រទេសវៀតណាម រហូតដល់អាកាសយានដ្ឋានអន្តរជាតិ Bohol នៅហ្វីលីពីន និងកំពង់ផែសមុទ្រជ្រៅ Patimban នៅឥណ្ឌូណេស៊ី ។ ជប៉ុនជាវិនិយោគិនធំបំផុតក្នុងភូមិភាគនេះ ដោយក្រុមហ៊ុនជប៉ុនបានរួមចំណែកក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
អ្នកវិភាគនិយាយថា «ឥទ្ធិពលផ្នែកសេដ្ឋកិច្ច និងសង្គម» ដែលកើនឡើងរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាកត្តាជំរុញនៅពីក្រោយនៃការគាំទ្រគម្រោងធំៗរបស់ជប៉ុន ។ ទោះយ៉ាងណា ការជួយផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុន មិនគ្រាន់តែទប់ទល់នឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជួយបើកទីផ្សារថ្មីៗឱ្យអាជីវកម្មរបស់ជប៉ុនផងដែរ ហើយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានចាត់ទុកជាតួនាទីសំខាន់ក្នុងគោលគំនិត Free and Open Indo-Pacific របស់ជប៉ុន ។
ការវិនិយោគអាចឱ្យជប៉ុនរក្សាឥទ្ធិពលនយោបាយ ការទូត និងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ ខណៈប្រទេសក្នុងតំបន់រកវិធីប្រឆាំងនឹងប្រទេសមហាអំណាច ។ ធនាគារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JBIC) បានផ្តល់ប្រាក់កម្ចី៤ម៉ឺនលានយេនសម្រាប់៣០គម្រោងក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ជំនួយនេះបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់ជប៉ុន ក្នុងការជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។
លើសពីនេះ ជប៉ុនមានគម្រោងរថភ្លើងក្រោមដីនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន, កំពង់ផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ ប្រទេសកម្ពុជា និងគម្រោងតភ្ជាប់ប្រទេសវៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា ដើម្បីកម្ពស់ពាណិជ្ជកម្ម ការវិនិយោគដោយផ្ទាល់ពីបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គ ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ជប៉ុនក៏បានផ្តល់ប្រាក់កម្ចីចំនួន១៣ម៉ឺនលានយេនដល់ប្រទេសឥណ្ឌូណេស៊ី សម្រាប់គម្រោងរថភ្លើងក្រោមដីនៅក្រុងហ្សាកាតា និងជាផ្លូវតភ្ជាប់រវាងកំពង់ផែ Patimba ជាមួយក្រុងហ្សាកាតា ។
ជប៉ុនមានគោលបំណងបញ្ឈប់ឥទ្ធិលរបស់ចិនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍ ហើយដើម្បីសម្រេចបំណងនេះ ជប៉ុនបានចេញយន្តការ និងគំនិតផ្តួចផ្តើមថ្មីៗ រួមទាំងក្រុមហ៊ុនវិនិយោគហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេស ដើម្បីអភិវឌ្ឍន៍ការដឹកជញ្ជូន និងអភិវឌ្ឍន៍ទីក្រុងនៅឆ្នាំ២០១៤ ។
ការវិនិយោគផ្សេងៗក្នុងរយៈពេល១០ឆ្នាំមកនេះ មិនត្រឹមតែជួយបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរយៈពេលយូរជាមួយប្រទេសផ្សេងៗក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែបានជួយរៀបចំការវិនិយោគហេដ្ឋារចនាសម្ព័ន្ធពីជប៉ុនសម្រាប់គម្រោងផ្សេងៗដែរ ដូចជា គម្រោងស្ពានអ្នកលឿង ប្រទេសកម្ពុជា និងរថភ្លើងក្រោមដីនៅក្រុងហូជីមិញ ប្រទេសវៀតណាម ។
ជប៉ុនមានប្រៀបជាងប្រទេសផ្សេងៗ បើទោះជាជប៉ុនមានងាយនឹងរងគ្រោះពីធម្មជាតិ ដូចជា រំជួយដី ភ្លៀង និងព្រិលធ្លាក់ខ្លាំង ។ បណ្តាក្រុមហ៊ុនជប៉ុនមានជំនាញ និងបច្ចេកវិទ្យាទំនើបទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ និងអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះក្នុងភូមិសាស្ត្រខុសៗគ្នា ។ លើសពីនេះ ជប៉ុនបានទទួលប្រយោជន៍ខាងសេដ្ឋកិច្ចពីក្រុមហ៊ុនជប៉ុនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះ គេចាត់ទុកជាគោលដៅទី១ នៃការវិនិយោគដោយផ្ទាល់របស់ជប៉ុន ។
បើទោះជាជប៉ុនមានប្រៀបជាងក្តី ប៉ុន្តែនៅតែប្រឈមនឹងការប្រជែងជាមួយចិន ដោយសារជប៉ុនមិនអាចប្រជែងហិរញ្ញប្បទានជាមួយចិនបានទេ ។ ប៉ុន្តែជប៉ុនបានផ្តល់ប្រាក់កម្ចីរយៈពេលវែង និងអត្រាការប្រាក់ទាប បើទោះជាតម្លៃសាងសង់របស់ជប៉ុនត្រូវចំណាយខ្ពស់ក្តី ប៉ុន្តែសំណង់ជប៉ុនមានគុណភាពស្តង់ដារខ្ពស់ ។
ជប៉ុនជាប្រទេសឈានមុខគេជាមួយហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ កាលពីខែមិថុនា ជប៉ុនបានសហការជាមួយក្រុមប្រទេសឧស្សាហកម្ម៧ប្រទេស ដោយសន្យាផ្តល់មូលនិធិចំនួន៦០ម៉ឺនលានដុល្លារអាមេរិក ដើម្បីវិនិយោគគម្រោងផ្សេងៗក្នុងប្រទេសកំពុងអភិវឌ្ឍទូទាំងពិភពលោក ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ គេរំពឹងថា ការខិតខំរបស់ជប៉ុននឹងធ្វើឱ្យគេចាប់អារម្មណ៍ និងជាឱកាសរបស់ក្រុមហ៊ុនសំណង់ជប៉ុនកាន់តែច្រើន ៕
ប្រភព ៖ AEC Connect










