ប្រទេសឥណ្ឌូណេស៊ី ៖ លោក Luhut B. Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគរបស់ប្រទេសឥណ្ឌូណេស៊ី ថ្លែងថា សហគមន៍អាស៊ាននឹងអាចឆ្លងកាត់ឧបសគ្គ ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយផ្សេងៗ រួមទាំងរក្សាស្ថិរភាព រហូតដល់ការលូតលាស់សេដ្ឋកិច្ចក្នុងតំបន់ ។

ឥណ្ឌូណេស៊ី គឺជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ក្រោមប្រធានបទ «Asean Matters: Epicentrum of Growth» ក្រោយភាពជោគជ័យពីការធ្វើជាប្រធានកិច្ចប្រជុំ G20 នៅឆ្នាំ២០២២ កន្លងមក ។ ហេតុនេះ ឥណ្ឌូណេស៊ីមានទំនុកចិត្តថា បើឥណ្ឌូណេស៊ីនៅតែអាចដើរតួនាទីបែបនេះ ហើយអាស៊ាននឹងក្លាយជាមជ្ឈមណ្ឌលកណ្តាលនៃការលូតលាស់ក្នុងភូមិភាគ ដែលយើងឃើញច្បាស់ថា មានការរីកចម្រើននៅប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និងថៃ ។

បើទោះជាស្ថានការណ៍នៅប្រទេសអ៊ុយក្រែនមិនច្បាស់លាស់ និងមិនអាចទស្សន៍ទាយពីអ្វីនឹងកើតឡើងនាថ្ងៃអនាគត ប៉ុន្តែអាចធ្វើឱ្យមានផលប៉ះពាល់បាន ។ ទោះយ៉ាងណា អាស៊ាននៅតែមានសមត្ថភាពជួយរក្សាស្ថិរភាពក្នុងភូមិភាគ និងសេដ្ឋកិច្ច ដូចជា ឥណ្ឌូណេស៊ីមានពលរដ្ឋចំនួន២៨២លាននាក់ ប៉ុន្តែអាចដោះស្រាយសេដ្ឋកិច្ចបានល្អ ដោយការនាំចេញស្មើ២,៩៣សែនលានដុល្លារអាមេរិក និងសេដ្ឋកិច្ចកើនឡើង៥,២៥% នៅឆ្នាំ២០២២ ខណៈឆ្នាំ២០២១ ស្មើ២,៣៣សែនលានដុល្លារអាមេរិក ។ ដូច្នេះ ធ្វើឱ្យមានទំនុកចិត្តក្នុងប្រទេសឥណ្ឌូណេស៊ី និងតំបន់ជុំវិញ ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីទទួលបានជោគជ័យក្នុងការធ្វើជាប្រធានកិច្ចប្រជុំ G20 បង្ហាញឱ្យឃើញថា ឥណ្ឌូណេស៊ីអាចដោះស្រាយបញ្ហាបាន ។

សម្រាប់ប្រទេសមីយ៉ាន់ម៉ា លោក Pandjaitan បង្ហាញថា សហគមន៍អាស៊ាន និងឥណ្ឌូណេស៊ីក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២៣ នឹងរួមសហការជាមួយមីយ៉ាន់ម៉ាបន្តទៀត ខណៈឥណ្ឌូណេស៊ីមានបទពិសោធន៍លើការគ្រប់គ្រងដោយយោធា ដែលធ្វើឱ្យឥណ្ឌូណេស៊ីអាចផ្តល់ការណែនាំ ព្រមទាំងសហការជាមួយមីយ៉ាន់ម៉ា ប៉ុន្តែជាមួយគ្នានេះ នៅរក្សានយោបាយមិនលូកដៃចូលបញ្ហាផ្ទៃក្នុងរបស់សហគមន៍អាស៊ាន ។

ចំណែកនាង Teresita Sy-Coson អនុប្រធានក្រុមហ៊ុន SM Investments Corporation បញ្ជាក់ថា ប្រទេសហ្វីលីពីនជឿជាក់ថា នឹងអាចរក្សាសម្ព័ន្ធភាពរវាងគ្នា និងប្រកាន់ជំហរកណ្តាលរវាងចិន ដែលហ្វីលីពីនពឹងផ្អែកខាងសេដ្ឋកិច្ច ហើយហ្វីលីពីនពឹងផ្អែកនយោបាយជាមួយអាមេរិក ខណៈមានភាពតានតឹងកើតឡើងជាបន្តបន្ទាប់របស់ប្រទេសមហាអំណាចទាំងពីរ ។

អនុប្រធានក្រុមហ៊ុនរូបនេះសម្លឹងឃើញថា សហគមន៍អាស៊ានបានរីកចម្រើនក្នុងកម្រិតមួយល្អ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រទេសនីមួយៗបានពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីភាពរឹងមាំ ការរីកលូតលាស់សេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ ។ សម្រាប់ប្រទេសហ្វីលីពីនគិតថា អាស៊ានគឺជាកម្លាំងរឹងមាំ ហើយបើក្នុងតំបន់រីកចម្រើន ហ្វីលីពីនក៏រីកចម្រើនដូចគ្នា ៕ ប្រភព ៖ AEC Connect