ប្រទេសអាហ្វហ្គានីស្ថាន ៖ ចំនួនអ្នកស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំងនៅអាហ្វហ្គានីស្ថាន បានកើនឡើងដល់១៧៥នាក់ និងបសុសត្វងាប់ដល់៧ម៉ឺនក្បាល ។ អង្គការសហប្រជាជាតិបញ្ជាក់ថា ពលរដ្ឋចំនួន៦លាននាក់នឹងអត់ឃ្លានក្នុងរដូវរងានេះ ខណៈសីតុណ្ហភាពក្នុងតំបន់ត្រជាក់ខ្លាំងខុសពីធម្មតា គឺ -៣៤អង្សារសេ ។
អាកាសធាតុត្រជាក់ខ្លាំងបានបណ្តាលឱ្យប៉ះពាល់ដល់ពលរដ្ឋរស់នៅក្នុងប្រទេស ហើយក៏ធ្វើឱ្យប៉ះពាល់ដល់បសុសត្វផងដែរ ។ អ្នកនាំពាក្យគ្រោះមហន្តរាយរបស់រដ្ឋាភិបាលតាលីបង់បញ្ជាក់ថា បសុសត្វប្រមាណ៧ម៉ឺនក្បាលទូទាំងប្រទេសបានងាប់ដោយសារត្រជាក់ខ្លាំងពេក ។ ចំណែកផ្លូវសំខាន់ៗជាច្រើនទូទាំងប្រទេស ក៏មិនអាចធ្វើដំណើរបានដែរ ក្រោយពីមានខ្យល់ព្យុះ និងព្រិលធ្លាក់ខ្លាំង ហើយពិបាកជួយសង្គ្រោះពលរដ្ឋអាហ្វហ្គានីស្ថាន ។
ជាមួយគ្នានេះ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ (UN) លោក Martin Griffith បម្រើការផ្នែកកិច្ចការមនុស្សធម៌ បានបញ្ជាក់កាលពីថ្ងៃទី២៥ ខែមករាថា រដូវរងានៅប្រទេសអាហ្វហ្គានីស្ថានពេលនេះខ្លាំងក្លាបំផុតក្នុងអំឡុងពេល១៥ឆ្នាំ ។ លោកដាស់តឿនថា ពលរដ្ឋប្រមាណ៦លាននាក់ក្នុងប្រទេសនេះកំពុងជួបភាពអត់ឃ្លាន ។
ចំណែកពលរដ្ឋរស់នៅទីក្រុងកាប៊ុល ជាទីក្រុងធំរបស់ប្រទេសអាហ្វហ្គានីស្ថាន ក៏ជួបនឹងអាកាសធាតុត្រជាក់ដូចគ្នាដែរ ។ ពួកគេបានអំពាវនាវទៅកាន់អង្គការសង្គ្រោះអន្តរជាតិ និងសមាគមពិភពលោក ជួយសង្គ្រោះពួកគេឱ្យរួចផុតពីភាពអត់ឃ្លានក្នុងរដូវត្រជាក់នេះផង ។
គួរបញ្ជាក់ថា គ្រោះមហន្តរាយកើតឡើងស្របពេលដែលប្រទេសអាហ្វហ្គានីស្ថានកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងខ្លាំង ក្រោយពីអង្គការសង្គ្រោះជាច្រើនឈប់ធ្វើការនៅអាហ្វហ្គានីស្ថានកាលពីពេលកន្លងមកដើម្បីតវ៉ាទៅរដ្ឋាភិបាលតាលីបង់ ដែលហាមបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីធ្វើការ ៕ ប្រភព ៖ TNN World