កាលពីពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។

ជំនួយការផ្ទាល់សម្ដេចតេជោ ឯកឧត្ដម អ៊ាង សុផល្លែតបានមានប្រសាសន៍​ឱ្យ​ដឹងដូច្នេះថា ” បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​វិមានសន្តិភាព”។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងបានជម្រាប​ជូនអ្នក​វិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែកពីរខ្សែ​ទៀត​ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យ​ឯកជន តាមរយៈ BOT។ ពាក់ព័ន្ធ នឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយៗ កំពុងតែទាក់​ទាញ​វិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើ​ប្រាស់ធ្យូង​ថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន