រក្សាសុខភាពដោយអនុវត្តនូវរឿងទាំងនេះនៅពេលព្រឹក នឹងជួយអ្នកចៀសផុតពីជំងឺ និងសុខភាពល្អជារៀងរាល់ថ្ងៃ។
១. បើកទ្វារបង្អួចស្រូបយកពន្លឺព្រះអាទិត្យ
ស្រូបយកខ្យល់បរិសុទ្ធ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជួយឲ្យរាងកាយទទួលបានអារម្មណ៍ផាសុកភាព។ ក្រៅពីនេះ ពន្លឺព្រះអាទិត្យ មានមុខងារសំខាន់ជួយឲ្យរាងកាយដំណើរការល្អ ទទួលបានវីតាមីន D និងស្វាហាប់ជាងមុនផងដែរ។
២. ផឹកទឹកក្តៅឧណ្ឌៗ
បន្ទាប់ពីភ្ញាក់ពីគេង អ្វីដែលអ្នកគួរធ្វើបន្តទៀតគឺការបំពេញជាតិទឹកដល់រាងកាយ។ ក្រោយពីគេងរយៈពេលយូរ រាងកាយនឹងប្រែជាស្ងួត ខ្សោះជាតិទឹក ហេតុនេះទឹកក្តៅមួយពែងនៅពេលនេះនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើនដូចជា ជម្រុញដល់ចរន្តឈាម បន្សាបជាតិពុលក្នុងរាងកាយ និងរំញោចការរំលាយអាហារ។
៣. ស្តាប់តន្រ្តី
តន្រ្តី គឺជាផ្នែកមួយជួយជម្រុញស្មារតីក្នុងជីវិតឲ្យល្អប្រសើរ។ អារម្មណ៍របស់អ្នកនឹងល្អជាងមុន បើសិនអ្នកក្រោកឡើងបានស្តាប់តន្រ្តីដែលអ្នកចូលចិត្ត។
៤. សមាធិ
បើសិនជាអ្នកមានពេល ចំណាយ២០នាទីដើម្បីសមាធិនៅពេលព្រឹក នឹងជួយឲ្យស្មារតី ផ្លូវចិត្តរបស់អ្នកកាន់តែស្ងប់សុខនិងចិត្តត្រជាក់។ នេះជាវិធីមួយល្អបំផុតជួយបង្កើនសមត្ថភាពផ្នែកផ្ចង់ស្មារតី ព្រមទាំងជម្រុញឲ្យចរន្តឈាមរត់បានស្រួលក្នុងពេលតែមួយផងដែរ។
៥. ហាត់ប្រាណ
លំហាត់ប្រាណងាយៗ ស្រាលៗនៅពេលព្រឹកនឹងជួយឲ្យចរន្តឈាមក្នុងរាងកាយដំណើរការល្អ ហើយសុខភាពរបស់អ្នកក៏រឹងមាំថែមទៀតផង។ អ្នកអាចចំណាយពេលយ៉ាងហោចណាស់ ១៥នាទី ដើរត្រឹកៗ ហាត់យូហ្គា … ជាដើម។ សកម្មភាពតិចតួចនេះ ក៏ជួយឲ្យសុខភាពរបស់អ្នកល្អប្រសើរ និងស្មារតីកាន់តែភ្លឺស្វាងតាំងពីព្រឹកព្រលឹមតែម្តង។
៦. ងូតទឹក
ងូតទឹកនៅពែលព្រឹកពិតជាផ្តល់គុណសម្បត្តិច្រើនដល់រាងកាយ។ វាជួយជម្រុះកោសិកាចាស់ចោល រំញោចកោសិកាស្បែកឡើងវិញ ជម្រុញដំណើរការបន្សាបជាតិពុល ព្រមទាំងជួយឲ្យអារម្មណ៍អ្នកស្រស់ស្រាយផងដែរ។
៧. ហូបអាហារពេលព្រឹកល្អៗ
អាហារពេលព្រឹក ពិតជាមិនអាចខ្វះបានទេ។ ផ្អែកតាមអ្នកស្រាវជ្រាវបង្ហាញថា ហូបអាហារពេលព្រឹកក្រោយក្រោកពីគេង ៦០ -៩០ នាទី គឺជាពេលវេលាសមរម្យ។ អ្នកមិនគួរបណ្តោយឲ្យយឺតជាងនេះឡើយ ព្រោះធ្វើឲ្យបាត់ថាមពលមិនអាចធ្វើការបានល្អ ហើយបើបណ្តោយរយៈពេលយូរនឹងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារផងដែរ៕