ប្រទេសសំប៊ី ៖ ចិនបានឆ្លើយតបទៅកាន់អាមេរិកវិញថា ឱ្យដោះស្រាយបញ្ហាបំណុលរបស់ខ្លួនសិន បន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករិះគន់ចិនពីបញ្ហាបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ វាបានក្លាយជាបញ្ហាមួយទៀត នៅពេលស្ថានទូតចិនប្រចាំទីក្រុងលូសាកា ប្រទេសសំប៊ី បានឆ្លើយតបទៅកាន់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen ខណៈលោកស្រីនិយាយប៉ះពាល់ប្រទេសចិនថា ឱ្យរៀបចំគម្រោងបំណុលប្រាក់កម្ចីរបស់ប្រទេសសំប៊ីឱ្យបានរហ័ស ។ លោកស្រីយល់ឃើញថា ប្រាក់កម្ចីរបស់ចិន គឺជាឧបសគ្គក្នុងការគ្រប់គ្រងបំណុលសាធារណៈរបស់ប្រទេសក្នុងទ្វីបអាហ្វ្រិក ។

ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងលូសាកា ប្រទេសសំប៊ី លោកស្រី Yellen ថ្លែងថា នឹងទទួលបានការពន្លឿនពីចិន អំពីកិច្ចព្រមព្រៀងដែលប្រើពេលវេលាយូរពេកក្នុងការដោះស្រាយ ។ វាជាឧបសគ្គធ្វើឱ្យបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកពិបាករួចផុតពីអន្ទាក់បំណុលរបស់ចិន ។ លោកស្រីថ្លែងថា ៖ «ខ្ញុំដឹងថា ចិនជាឧបសគ្គក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងសំប៊ី ជាពិសេស ការស្នើរួមសហការជាមួយចិនដើម្បីទូទាត់បំណុលឱ្យបានឆាប់» ។

មិនយូរប៉ុន្មានបន្ទាប់ពីរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិករិះគន់ចិន ស្ថានទូតចិនប្រចាំទីក្រុងលូសាកា ក៏បានឆ្លើយតបទៅវិញថា ក្រសួងហិរញ្ញវត្ថុអាមេរិកចាត់វិធានការពិសេសដើម្បីសងសំណុល ក្រោយពីការខ្ចីប្រាក់របស់រដ្ឋាភិបាលអាមេរិកជិតពេញ ។ ចំណុចសំខាន់បំផុតដែលអាមេរិកអាចដោះស្រាយបញ្ហាបំណុលក្រៅប្រទេសបាន គឺទទួលខុសត្រូវគោលនយោបាយរូបិយវត្ថុ ដោះស្រាយបំណុលរបស់ខ្លួនឯងជាមុនសិន និងឈប់បំផ្លាញការព្យាយាមរបស់ប្រទេសផ្សេងៗក្នុងការដោះស្រាយបំណុល ។

ការរិះគន់គ្នាទៅវិញទៅមកនេះ កើតឡើងមុនពេលលោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី៥-៦ ខែកុម្ភៈ ខាងមុខនេះ ដោយសង្ឃឹមថា ប្រទេសចិន និងអាមេរិក នឹងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ជាពិសេស ទំនាក់ទំនងផ្នែកនយោបាយ និងសេដ្ឋកិច្ច ៕yellen: US Treasury Secretary Janet Yellen sees 'very helpful signs' on US  inflation front - The Economic Times

ប្រភព ៖ The Better