បរទេស៖ សកម្មជនបរិស្ថានបានបញ្ចេញវីដេអូ Drone នៃកាកសំណល់ប្លាស្ទិកដែលហូរពេញទន្លេនៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ហើយអាជ្ញាធរក្នុងតំបន់កំពុងត្រៀមខ្លួនដើម្បីទាមទារដំណោះស្រាយជាបន្ទាន់ផងដែរ។

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ មានការបង្ហោះវីដេអូពី ដ្រូន (Drone) របស់សកម្មជនបរិស្ថាន ដោយវាបានបង្ហាញពីចំនួនដ៏ធំសម្បើមនៃកាកសំណល់ប្លាស្ទិកដែលបានប្រមូលផ្តុំនៅពីក្រោយរបាំងនៅបឹង Visegrad  នៅលើទន្លេ Drina នៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា។

កាកសំណល់ប្លាស្ទិកនេះ បានអណ្តែតក្នុងទន្លេយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងសំណល់ឈើនៅកណ្តាលទន្លេជាច្រើនផងដែរ។

លោក Dejan Furtula ដែលជាសកម្មជនបរិស្ថានក្នុងតំបន់បាននិយាយថា វាជាបញ្ហាកើតឡើងដដែលៗ ដោយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដោយបញ្ហាសំរាមប្លាស្ទិកនៅបឹង Visegrad នេះវាបានបន្តអស់រយៈពេល ២០ ឆ្នាំមកហើយ ជាលទ្ធិផលវាបានបណ្តាលឱ្យមានគ្រោះមហន្តរាយបរិស្ថានយ៉ាងខ្លាំង ដោយកម្រិតទឹកនៃទន្លេ Drina បានកើនឡើងហើយកាកសំណល់ប្លាស្ទិកជាច្រើនបានហៀរចូល តំបន់នោះ។

លើសពីនេះវាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយបានវាយប្រហារប្រទេសម៉ុងតេណេហ្គ្រោ បូស្នៀ និងហឺហ្សេហ្គោវីណា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

យ៉ាងណាមិញសកម្មជនបរិស្ថានរូបនេះក៏បានលើកឡើងពីការលំបាកក្នុងការចោលកាកសំណល់ប្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាកំទេចកំទីដើមឈើអណ្តែតទឹកទន្លេ ដោយបានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃបញ្ហាមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងបរិស្ថានតែប៉ុណ្ណោះ ប៉ុន្តែវាក៏បំផ្លាញកេរ្តិ៍ឈ្មោះ របស់តំបន់នេះដូចគ្នា។ ដោយសារតែបញ្ហានេះបឹង Visegrad វាត្រូវបានគេចាត់ទុកថាជាតំបន់ក្លាយជាកន្លែងចាក់សំរាមពិតប្រាកដសម្រាប់ជនអតិមួយចំនួនក្នុងតំបន់៕ ប្រភព៖ pptvhd36