បរទេស៖ យន្តហោះដឹកអ្នកដំណើរអូស្ត្រាលីចំនួន ១៤៥ នាក់ មានបញ្ហាម៉ាស៊ីន ក្រោយមកអ្នកបើកបរយន្តហោះបានផ្តល់សញ្ញា Maydayស្នើសុំជំនួយសង្គ្រោះបន្ទាន់ពីប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស  និងបានចុះចតដោយសុវត្ថិភាព។

កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៣ ក្រុមហ៊ុនអាកាសចរណ៍ Qantas ឬជើងហោះហើរ Qantas “QF144” បានហោះចេញពីអាកាសយានដ្ឋាន Auckland  ក្នុងប្រទេសនូវែលសេឡង់ ដោយបានដឹកអ្នកដំណើរទាំង១៤៥នាក់។

ជាមួយគ្នានោះ ខណៈកំពុងតែហោះហើរ ស្រាប់តែអ្នកបើកយន្តហោះបានបញ្ជូនសញ្ញា Mayday ស្នើសុំជំនួយសង្គ្រោះបន្ទាន់ ដោយសារតែម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីនទាំងពីរនៅលើយន្តហោះបានធ្លាក់ខណៈពេលកំពុងហោះហើរឆ្លងកាត់ក្នុងសមុទ្រ Tasman ។

ហេតុការណ៍នេះបានបង្ខំឱ្យអ្នកបើកយន្តហោះសុំជំនួយពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងបានព្យាយាមចុះចតយន្តហោះយ៉ាងប្រញាប់ប្រញាល់។

ទោះជាយ៉ាងណាការព្យាយាមចុះចតរបស់អ្នកបើកបរគឺទទួលបានដោយសុវត្ថិភាពនៅអាកាសយានដ្ឋានស៊ីដនី នៃប្រទេសអូស្ត្រាលី នៅវេលាម៉ោង ៣:៣០ នាទីរសៀល ម៉ោងក្នុងស្រុក។

ក្នុងនោះរបាយការណ៍ព័ត៌មានបានបញ្ជាក់បន្ថែមថា បន្ទាប់ពីចុះចត អ្នកដំណើរទាំងអស់ត្រូវបានដឹកជញ្ជូនទៅកាន់ស្ថានីយដោយសុវត្ថិភាព ខណៈពេលដែលយន្តហោះត្រូវបានត្រួតពិនិត្យតាមស្តង់ដារអាកាសចរណ៍យ៉ាងយកចិត្តទុកដាក់។

យ៉ាងណាមិញអ្នកដំណើរបាននិយាយពីពេលវេលានៃស្ថានភាពនៅលើយន្តហោះ ដែលបញ្ជាក់ថាមើលទៅស្ថានភាពពេលនោះហាក់ដូចជាធម្មតា ទោះបីជាគេបានឮសំឡេងម៉ាស៊ីនខ្លាំងក៏ដោយ ហើយក្នុងនោះអ្នកបើកបរមិនបានប្រកាសប្រាប់អ្នកដំណើរអំពីបញ្ហាម៉ាស៊ីននោះទេ៕ ប្រភព៖ Thairath