ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងនិយមចូលចិត្តទិញរបស់ប្រណិតច្រើនបំផុតក្នុងពិភពលោក ដោយបានវ៉ាដាច់សហរដ្ឋអាមេរិក និងចិន ។ បើយើងក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុន ប្រទេសកូរ៉េខាងត្បូងមានគំនិតជាតិនិយមខ្លាំង ដូចជា រថយន្តក្រុងត្រូវតែប្រើឈ្មោះរបស់កូរ៉េ១០០% បើទោះជារថយន្តនោះល្អ ឬមិនល្អក្តី ដើម្បីជួយប្រទេសជាតិរបស់ខ្លួន ប៉ុន្តែបច្ចុប្បន្ននេះ ជនជាតិកូរ៉េខាងត្បូង ជាពិសេស មនុស្សជំនាន់ថ្មីងាកមកប្រើប្រាស់ផលិតផល brand កាន់តែច្រើនឡើង ។
តាមការស្ទង់មតិរបស់ Morgan Stanley បង្ហាញថា កូរ៉េខាងត្បូងជាប្រទេសជាមានអ្នកទិញផលិតផល brand ច្រើនបំផុតក្នុងពិភពលោក ។ គេសង្កេតឃើញថា នៅឆ្នាំ២០២២ ប្រទេសនេះបានចំណាយប្រាក់លើរបស់ប្រណិតកើនឡើងដល់២៤% ស្មើទឹកប្រាក់១,៦៨ម៉ឺនលានដុល្លារអាមេរិកឯណោះ ។
ការប្រើប្រាស់របស់ប្រណិតនៅកូរ៉េខាងត្បូងបានកើនឡើងទ្វេដងក្នុងត្រីមាសទី២ ឆ្នាំ២០២២ ។ អ្នកវិភាគរបស់ Morgan Stanley អធិប្បាយថា តម្រូវការរបស់ប្រណិតរបស់អតិថិជនកូរ៉េខាងត្បូង គឺដោយសារប្រាក់ចំណូលក្នុងគ្រួសារនីមួយៗកើនឡើង១១% បើធៀបនឹងឆ្នាំ២០២១ ។ មូលហេតុមួយទៀតដែលធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងចូលចិត្តទិញរបស់ប្រណិត គឺឋានៈនៅក្នុងសង្គម និងមានអ្នកល្បីៗនៅកូរ៉េប្រើប្រាស់របស់ប្រណិត ធ្វើឱ្យទាក់ទាញដល់អ្នកប្រើប្រាស់ ។
McKinsey & Company ជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអាជីវកម្មនៅសហរដ្ឋអាមេរិកនិយាយថា នៅឆ្នាំ២០២៣នេះ ការប្រើប្រាស់របស់ប្រណិតនៅជុំវិញពិភពលោកនឹងកើនឡើងប្រមាណ៥%-១០% ដោយសារតម្រូវការពីសហរដ្ឋអាមេរិកនិងចិន ។ បើទោះជាបច្ចុប្បន្ន ពលរដ្ឋចិនបានចំណាយលើការទិញរបស់ប្រណិតតិចជាងកូរ៉េខាងត្បូងដល់ទៅ៦ដងក្តី ប៉ុន្តែទីផ្សារកូរ៉េខាងត្បូងនិងចិនមានតម្រូវការរបស់ប្រណិតប្រហាក់ប្រហែលគ្នា ជាពិសេស ការប្រើប្រាស់របស់ប្រណិតបានបង្ហាញពីឋានៈតួនាទីនៅក្នុងសង្គម ៕![Rediscover Seoul(96)] Luxury shops and galleries in Cheongdam-dong](http://res.heraldm.com/content/image/2010/09/23/20100923000323_0.jpg)
ប្រភព ៖ matichon










