បរទេស៖ ប្រភេទខ្លាឃ្មុំរស់នៅតំបន់ប៉ូលមួយបានលុកលុយទីក្រុងតូចមួយនៅអាឡាស្កា និងបានធ្វើការវាយប្រហារទៅកាន់មនុស្សនៅតាមទីសាធារណៈ រហូតបណ្ដាលឲ្យមានស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់បានស្លាប់ហេតុការណ៍នេះ។

កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ឱ្យដឹងថា ប៉ូលីសរដ្ឋ Alaska បាននិយាយថាខ្លាឃ្មុំប៉ូលមួយក្បាលបានចូលទៅក្នុង Wells ដែលជាទីក្រុងតូចមួយនៅភាគខាងលិចបំផុតនៃរដ្ឋ Alaska ដោយខ្លាឃ្មុំមួយក្បាលនេះបានធ្វើសកម្មភាពដេញតាមវាយប្រហារមនុស្សតាមទីសាធារណៈ។

ជាលទ្ធផលក្នុងហេតុការនោះបានបង្កឱ្យស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់ត្រូវបានគេវាយប្រហារស្លាប់ ខណពេលនោះអ្នកភូមិជាច្រើនបាននាំគ្នាមកជួយ ព្រមទាំងបានប្រើអាវុធបាញ់សម្លាប់ខ្លាឃ្មុំកំណាចមួយក្បាលនោះ។

ពិតណាស់ ខ្លាឃ្មុំប៉ូលនៅតំបន់នេះជាធម្មតាវាធ្វើដំណើរឡើងកំពូលក្នុងខែតុលាដល់ខែវិច្ឆិកា មុនពេល Hudson Bay ត្រជាក់ជាងនេះ។ ហើយក៏ជាកន្លែងដែលខ្លាឃ្មុំប៉ូលប្រមូលផ្តុំនៅលើឆ្នេរសមុទ្រដើម្បីធ្វើចំណាកស្រុកទៅភាគខាងជើងផងដែរ។

ទោះយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនៃការវាយប្រហារពីខ្លាឃ្មុំប៉ូលលើមនុស្សគឺកម្រមានណាស់ ដោយការសិក្សាមួយដែលចេញផ្សាយដោយ ‘The Wildlife Society’ ក្នុងឆ្នាំ ២០១៧ បានរកឃើញថាចន្លោះពីឆ្នាំ ១៨៧០ ដល់ ២០១៤ ការវាយប្រហាររបស់ខ្លាឃ្មុំតំបន់ប៉ូល មានតែ ៧៣ ដងប៉ុណ្ណោះដែលបានកើតឡើងនៅក្នុងប្រទេសចំនួន ៥ គឺកាណាដា ហ្គ្រីនឡែន ន័រវេស រុស្ស៊ី និងសហរដ្ឋអាមេរិក ដែលបណ្តាលឱ្យមនុស្សស្លាប់សរុប ២០ នាក់ របួស ៦៣ នាក់៕ ប្រភព៖ Thairath