ប្រទេសវៀតណាម ៖ ជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនដូចជា Foxconn, Sharp, Samsung បានផ្លាស់ប្តូរទីតាំងផលិតរបស់ខ្លួនចេញពីប្រទេសចិន មកកាន់ប្រទេសគោលដៅថ្មីមួយទៀត គឺវៀតណាម ។ ហេតុអ្វីបានជាក្រុមហ៊ុនទាំងនេះផ្លាស់ប្តូរទីតាំងការផលិតរបស់ខ្លួន ?

កាលពី២-៣ឆ្នាំមុន ក្រុមហ៊ុនជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទីតាំងការផលិតពីចិនមកកាន់វៀតណាម ហេតុផលសំខាន់ គឺដើម្បីចៀសវាងផលប៉ះពាល់ដូចជា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ។ ក្រុមហ៊ុនទាំងនេះរួមមាន ៖
– Foxconn ទទួលការដំឡើងផលិតផលឱ្យ Apple បានផ្លាស់ប្តូរទីតាំងផលិត iPad និង MacBook មកកាន់វៀតណាម
– Sharp ក្រុមហ៊ុនផលិតឧបករណ៍អគ្គិសនី ក៏បានផ្លាស់ប្តូរការផលិតមកវៀតណាមដែរ
– Samsung ក្រុមហ៊ុនផលិតផលិតផលបច្ចេកវិទ្យា ដែលបច្ចុប្បន្នច្រើនជាង៥០%របស់ស្មាតហ្វូនទាំងអស់ មានទីតាំងការផលិតនៅវៀតណាម ។The 5 Largest Cities in Vietnam

វាឆ្លុះបញ្ចាំងឱ្យឃើញថា ការវិនិយោគដោយផ្ទាល់ពីបរទេស Foreign Direct Investment (FDI) ហូរចូលមកប្រទេសវៀតណាមបានរីកចម្រើនជាបន្តបន្ទាប់ ។ វៀតណាមមានគុណសម្បត្តិអ្វីខ្លះដែលគួរឱ្យចាប់អារម្មណ៍ ?

*វៀតណាមបានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសជាច្រើន ៖
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជួយកាត់បន្ថយឧបសគ្គផ្នែកពាណិជ្ជកម្មដូចជា រឿងពន្ធ បង្កើនឱកាសពង្រីកទីផ្សារដែលមានស្រាប់ និងបង្កើនឱកាសចូលទៅកាន់ទីផ្សារថ្មី ។ វាអាចនាំចេញផលិតផលបានកាន់តែច្រើន និងនាំចូលផលិតផលក្នុងតម្លៃថោក ជាពិសេស វត្ថុធាតុដើមសម្រាប់ការផលិត ។

បច្ចុប្បន្ន តំបន់ពាណិជ្ជកម្មសេរីដែលវៀតណាមចូលជាសមាជិកមាន តំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA), កិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រឆ្លងប៉ាស៊ីហ្វិក (TPP) ជាដើម ។Biggest Cities In Vietnam - WorldAtlas

*ការមានប្រៀបផ្នែកកម្លាំងពលកម្ម ៖
ថ្លៃកម្លាំងពលកម្ម ជាកត្តាសំខាន់មួយដែលធ្វើឱ្យក្រុមហ៊ុនអន្តរជាតិជាច្រើនជ្រើសរើសផ្លាស់ទីតាំងផលិតពីចិនមកកាន់វៀតណាម ជាពិសេស ក្នុងវិស័យផលិតកម្មដែលមានកម្លាំងពលកម្មថោក ។ បច្ចុប្បន្ន ថ្លៃកម្លាំងពលកម្មនៅវៀតណាមស្មើប្រមាណ២០៥ដុល្លារអាមេរិកក្នុង១ខែ ខណៈចិនដែលធ្លាប់ជាប្រទេសមានប្រៀបរឿងថ្លៃកម្លាំងពលកម្មថោក បច្ចុប្បន្ន ស្មើប្រមាណ៤០០ដុល្លារអាមេរិកក្នុង១ខែ គឺថ្លៃជាងវៀតណាមដល់ទៅ២ដង ។

*ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ជាបន្តបន្ទាប់ ៖
បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់លើការអភិវឌ្ឍ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ កាលពីឆ្នាំ២០២១ វៀតណាមបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក ឬស្មើ៥%នៃ GDP ។ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ រដ្ឋាភិបាលវៀតណាមបានត្រៀមប្រាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ។

*នយោបាយមានស្ថិរភាព ៖
វៀតណាមមានគណបក្សនយោបាយតែមួយ និងមានការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ ។ ទោះបីជាវៀតណាមមានគណបក្សនយោបាយតែមួយ ប៉ុន្តែប្រទេសនេះមានប្រព័ន្ធសេដ្ឋកិច្ចសេរី ដែលជួយបង្កើតទំនុកចិត្តដល់វិនិយោគិនអន្តរជាតិចូលមកបណ្តាក់ទុន ៕ ប្រភព ៖ longtunman