បរទេស៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់យ៉ាងដូច្នេះថា ស្រទាប់អូហ្សូនដែលការពារផែនដីនឹងងើបឡើងវិញយឺតៗបន្តិចម្តងៗ ដល់កម្រិតដែលរន្ធអូហ្សូននៅពីលើអង់តាក់ទិកនឹងបិទទាំងស្រុងក្នុងរយៈពេលប្រហែល ៤៣ ឆ្នាំខាងមុខនេះ។

នាថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានបង្ហាញ អំពីការវាយតម្លៃតាមបែបវិទ្យាសាស្ត្រនៃការថយចុះអូហ្សូន ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តង បានរកឃើញថា មានការងើបឡើងវិញនៃស្រទាប់អូហ្សូនបន្តិចម្តងៗគួរឱ្យកត់សម្គល់។

ការងើបឡើងវិញនេះបានកើតឡើង បន្ទាប់ពីប្រទេសទាំងអស់ជុំវិញពិភពលោកបានយល់ព្រមបញ្ឈប់ការផលិតសារធាតុគីមីដែលបំផ្លាញស្រទាប់អូហ្សូនក្នុងបរិយាកាសជាង ៣៥ ឆ្នាំមុន។

ទោះជាយ៉ាងណារបាយការណ៍ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះនៃសមាគមឧតុនិយមអាមេរិកនៅទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិក បានកត់សម្គាល់ឃើញថា ការងើបឡើងវិញនៃស្រទាប់អូហ្សូនគឺមានភាពយឺតយ៉ាវបន្តិច។

បន្ថែមពីនោះរបាយការណ៍ក៏បានបញ្ជាក់ថាស្រទាប់អូហ្សូនរបស់អង់តាក់ទិកដែលស្តើងខ្លាំង ហើយរន្ធ ដ៏ធំដែលបង្កើតជារៀងរាល់ឆ្នាំក្នុងបរិយាកាសនៅទីនោះ វានឹងមិនត្រូវបានស្ដារឡើងវិញពេញលេញទេរហូតដល់ឆ្នាំ ២០៦៦។

ជាមួយគ្នានោះគំរូអាកាសធាតុធម្មជាតិនៅអង់តាក់ទិកក៏ប៉ះពាល់ដល់កម្រិតរន្ធអូហ្សូនផងដែរ ជាពិសេសនៅរដូវស្លឹកឈើជ្រុះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ រន្ធអូហ្សូនបានរីកធំបន្តិចដោយសារហេតុផលនេះ ប៉ុន្តែនិន្នាការទាំងមូលគឺថារន្ធអូហ្សូននេះកំពុងងើបឡើងវិញជាមួយនឹងសកម្មភាពយឺតៗ។

យ៉ាងណាមិញ Inger Andersen នាយកកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ បានប្រាប់អះអាងថា ការងើបឡើងវិញនេះវានិងជួយសង្គ្រោះជីវិតមនុស្សប្រហែលពីរលាននាក់ក្នុងមួយឆ្នាំៗពីជំងឺមហារីកស្បែក ការខូចខាត់ដំណាំ ​និង ផ្នែកអេកូឡូស៊ី ដ៏អស្ចារ្យបំផុតមួយសម្រាប់មនុស្សជាតិ៕ ប្រភព៖ Sanook