ថ្វីបើកោះនេះមានទំហំត្រឹមតែ ១២៨ ២៩៧គីឡូម៉ែត្រការ៉េ តូចជាងកម្ពុជាទៅទៀតនោះ ក៏ប៉ុន្តែកោះជ្វា មានចំនួនប្រជាជនច្រើនជាងកម្ពុជាដល់ទៅ១០ដង។
កោះជ្វា គឺជាកោះមួយក្នុងចំណោមកោះ Greater Sunda ក្នុងប្រទេសឥណ្ឌូនេស៊ី។ វាមានព្រំប្រទល់ជាប់មហាសមុទ្រឥណ្ឌានៅខាងត្បូង និងសមុទ្រជ្វានៅខាងជើង។ ដោយមានប្រជាជនចំនួន១៥១.៦ លាននាក់ កោះជ្វាគឺជាកោះដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោក ដែលមានចំនួនប្រហែល ៥៦ភាគរយ នៃប្រជាជនឥណ្ឌូនេស៊ី។
កោះនេះជាទីតាំងកណ្ដាលរបស់ប្រទេសឥណ្ឌូណេស៊ី ដោយរដ្ឋធានីហ្សាការតា ក៏ដូចជាទីក្រុងសេដ្ឋកិច្ច និងអរិយធម៌ផ្សេងៗរបស់ឥណ្ឌូណេស៊ី សុទ្ធតែនៅក្នុងកោះនេះទាំងអស់។
មិនតែប៉ុណ្ណោះ កោះនេះក៏ជាមជ្ឈមណ្ឌលនៃចក្រភពហិណ្ឌូ-ពុទ្ធសាសនាដ៏មានឥទ្ធិពល ស៊ុលតង់អ៊ិស្លាម និងជាស្នូលនៃអាណានិគមហូឡង់បូព៌ា។ កោះជ្វាក៏ជាមជ្ឈមណ្ឌលនៃការតស៊ូទាមទារឯករាជ្យរបស់ឥណ្ឌូនេស៊ីក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ និង១៩៤០ផងដែរ៕


		
	









