អ្នកចូលចិត្តផឹកកាហ្វេទាំងអស់ជ្រាបទេថា ការដាំកាហ្វេបានបញ្ចេញកាបូនឌីអុកស៊ីតមកលើបរិយាកាស ។ ពេលនេះ គេបានបង្កើតកាហ្វេមិនប៉ះពាល់ដល់បរិស្ថាន ដោយកែច្នៃវាឡើងពីគ្រាប់ឪឡឹក គ្រាប់ល្មើ និងជាតិកាហ្វេអ៊ីនមកពីតែ បង្កើតបានជា Sustainable Coffee ជាកាហ្វេស្រឡាញ់បរិស្ថាន ដែលជួយកាត់បន្ថយកាបូនឌីអុកស៊ីតរហូតដល់៩៣% ។

Sustainable Coffee ឬកាហ្វេស្រឡាញ់បរិស្ថាន គឺជាគំនិតរបស់ Andy Kleitsch និង Jarret Stopforth អ្នកបង្កើតក្រុមហ៊ុន Atomo Coffee ស្ថិតនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ ក្រុមហ៊ុនបានផលិតកាហ្វេសិប្បនិម្មិត Beanless Brew ដោយមិនប្រើប្រាស់គ្រាប់កាហ្វេ មនុស្សជាច្រើនឆ្ងល់ថា តើកាហ្វេស្រឡាញ់បរិស្ថាននេះមកពីណា ?

Beanless Brew ឬ Molecular Coffee របស់ក្រុមហ៊ុន Atomo Coffee វាពិសេសជាងកាហ្វេធម្មតាត្រង់ថា វាត្រូវបានផលិតឡើងពីគ្រាប់ធញ្ញជាតិផ្សេងៗដែលសល់ពីការប្រើប្រាស់ដូចជា គ្រាប់ទំពាំងបាយជូ គ្រាប់ឪឡឹក សម្បកឈើ គ្រាប់ល្មើ ហើយរសជាតិកាហ្វេអ៊ីនផ្សំមកពីតែ ។ គេបានយកវត្ថុធាតុដើមទាំងអស់មកកូរបញ្ចូលគ្នារួចផលិតជាកាហ្វេមានរសជាតិឈ្ងុយឆ្ងាញ់មិនចាញ់កាហ្វេល្បីៗឡើយ ។

ក្រៅពីកាហ្វេសិប្បនិម្មិត Beanless Brew មានរសជាតិឈ្ងុយឆ្ងាញ់ហើយ វាជួយកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីតមកលើបរិស្ថានរហូតដល់៩៣% ។ កាហ្វេស្រឡាញ់បរិស្ថានជាជម្រើសមួយដែលជួយដល់អ្នកចូលចិត្តកាហ្វេអាចភ្លក់រសជាតិបាន ដោយវាមិនបំពុលបរិស្ថាន បញ្ចេញកាបូនឌីអុកស៊ីតតិចបំផុត ប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ហើយមិនបន្សល់ទុកកាកសំណល់អាហារ ៕

ប្រភព ៖ SpringNews