ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន៧០រូប។ ក្នុងនោះផងដែរតារាចម្រៀង នាយ ចឺម ដែលមានឈ្មោះពិត សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​ ធិបឌិន្ទ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ក្រោយពីនាយ ចឺម ទទួលបានការគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ នេះ ក៏មានក្រុមមិត្តភក្តិរួមអាជីពសិល្បៈ និងមហាជន អ្នកគាំទ្រជាច្រើន បានបង្ហោះសារអបអរសាទរផងដែរ។

សូមរំលឹកថា គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។ អានបន្ថែមតាមរយៈ នាយកដ្ឋានឥស្សរិយយស