បរទេស៖ រថយន្តចំនួន ៤៧ គ្រឿងបានបុកបន្តកន្ទុយគ្នា នៅលើផ្លូវហាយវ៉េមួយជិតទីក្រុងសេអ៊ូលប្រទេសកូរ៉េ ខាងត្បូង ដែលបង្កឱ្យមនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។

នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍ក្នុងស្រុកបានឱ្យដឹងថា មានហេតុការណ៍នៃគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ ដែលបានកើតឡើងនៅលើផ្លូវហាយវេ Guri-Pocheon ឆ្ងាយពីទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ប្រហែល ៤០ គីឡូម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះត្រូវបានគេដឹងថាបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ម៉ោងក្នុងស្រុក ដោយគេដឹងថានៅតំបន់ផ្លូវហាយវេ Guri-Pocheon នេះបានគ្របដណ្ដប់ទៅដោយទឹកកកយ៉ាងច្រើន ដែលបណ្តាលឱ្យផ្លូវមានលក្ខណៈរអិលរហូតធ្វើឱ្យរថយន្តជាច្រើនគ្រឿងបាត់បង់ការគ្រប់គ្រង។

ជាលទ្ធិផលរថយន្តចំនួន៤៧ គ្រឿងបានបុកបន្តកន្ទុយគ្នាពីក្រោយយ៉ាងដំណំ ក្នុងនោះក៏មាន ទាំងរថយន្តក្រុង និងរថយន្តផ្ទាល់ខ្លួន ដែលរថយន្តខ្លះបានរងការខូចខាតទាំងផ្នែកខាងមុខ និង ខាងក្រោយ ហើយរថយន្តខ្លះទៀតបានបើកវ៉ារហូតរអិលធ្លាក់ពីផ្លូវ។

ទោះជាយ៉ាងណាបុគ្គលិកសេវាសង្គ្រោះបន្ទាន់ខេត្ត Gyeonggi ដែលជាក្រុមជួយអ្នករបួសបាននិយាយថា យ៉ាងហោចណាស់ អ្នកបើកបរចំនួន ៣នាក់ បានរងរបួសធ្ងន់ និងមានម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយការគាំងបេះដូង។ ហើយក្រោយមកជនរងគ្រោះម្នាក់នោះក៏បានស្លាប់នៅមន្ទីរពេទ្យ និងមានមនុស្សយ៉ាងហោចណាស់ ២៩ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នាជាមួយនឹងអាការស្រាល។

ទន្ទឹមនឹងនោះចំណែកអ្នកដែលមិនមានរបួសរហូតដល់សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រុមមន្ត្រី និងអ្នកជួយសង្គ្រោះបាននាំយករថយន្តក្រុងមកទទួលរួច ដឹកជញ្ជូនទៅកាន់ផ្ទះរៀងខ្លួន មុននឹងប្រញាប់ បោសសម្អាតទីតាំងគ្រោះថ្នាក់លើផ្លូវ ដើម្បីបើកផ្លូវសម្រាប់ការប្រើប្រាស់ធម្មតាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងមិនបង្កការគ្រោះថ្នាក់បន្តទៀត។

យ៉ាងណាមិញអាជ្ញាធរក្នុងតំបន់បានបង្ហើបឱ្យដឹងថា គ្រោះថ្នាក់នេះត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ ចរាចរណ៍ធ្ងន់ធ្ងរបំផុតមួយដែលពាក់ព័ន្ធនឹងព្រិល  ឬទឹកកកក្នុងប្រទេស បន្ទាប់ពីចុងសប្តាហ៍កន្លងទៅ កន្លងទៅក៏មានសេចក្តីរាយការណ៍ថាមានរថយន្ត៧ គ្រឿងបានបុកគ្នានៅជិតផ្លូវក្រោមដី Gangneung  ទីក្រុងនៅឆ្នេរខាងកើតនៃប្រទេសខាងត្បូង ដែលបណ្តាលឱ្យមានរបួសយ៉ាងតិចពីរផងដែរ៕ ប្រភព៖ Thairath