ប្រទេសកូរ៉េខាងជើង ៖ ប្រទេសកូរ៉េខាងជើងបានបន្ទោសលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ (UN) ថា ជាមនុស្សមុខពីរ ខណៈលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិរូបនេះនិយាយថា គម្រោងនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានគ្រោះថ្នាក់ដល់ពិភពលោកក្នុងពេលបច្ចុប្បន្ន ប៉ុន្តែបែរជាមើលរំលងការប្រមូលផ្តុំអាវុធរបស់សហរដ្ឋអាមេរិកទៅវិញ ។

ភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងជើង Korean Central News Agency (KCNA) បានបង្ហាញសេចក្តីថ្លែងការណ៍ចេញដោយលោក Joe Chul Soo មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃទី១៤ ខែមករាថា លោក Antonio Guterres លេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ គឺជាមនុស្សមុខពីរ និងមានឥរិយាបថចង់បំផ្លាញទំនុកចិត្តរបស់ពិភពលោកនៅប្រទេសអ៊ុយក្រែន ។ លោក Guterres បានមើលរំលងការប្រមូលផ្តុំអាវុធរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យកើតស្ថានការណ៍នុយក្លេអ៊ែរតឹងតែងនៅឧបទ្វីបកូរ៉េ និងក្នុងតំបន់ ហើយកូរ៉េខាងជើងនឹងគ្មានថ្ងៃលើកលែងគម្រោងនុយក្លេអ៊ែរដាច់ខាត ។

សេចក្តីថ្លែងការណ៍របស់លោក Joe Chul Soo ក៏បានចោទប្រទេសជប៉ុនដែរថា គ្មានគុណសម្បត្តិសីលធម៌គ្រប់គ្រាន់ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខណៈជប៉ុនធ្លាប់ជាប្រទេសបង្កសង្គ្រាមអាណានិគម ។

គួរបញ្ជាក់ថា លោក Guterres បានថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែមករា ខណៈប្រទេសជប៉ុនជាប្រធានកិច្ចប្រជុំនេះថា គម្រោងនុយក្លេអ៊ែរខុសច្បាប់របស់កូរ៉េខាងជើងធ្វើឱ្យមានគ្រោះថ្នាក់ និងគំរាមកំហែងដល់ពិភពលោកក្នុងពេលបច្ចុប្បន្ន ។

ក្រៅពីនេះ វាក៏ជាកត្តាជំរុញហានិភ័យផងដែរ និងមានភាពតឹងតែងដល់ភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ហើយកូរ៉េខាងជើងមានតួនាទីចរចាឡើងវិញអំពីគម្រោងនុយក្លេអ៊ែរ ខណៈកាលពីឆ្នាំ២០១៩ ការចរចារវាងលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បញ្ចប់ដោយគ្មានលទ្ធផលអ្វីឡើយ ៕

ប្រភព ៖ TNN World